ចំបាប់កម្ពុជាដណ្តើមបានមេដាយ៣គ្រឿង ជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី

ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជាដណ្ដើមបានមេដាយ៣គ្រឿង នៅក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ (Southeast Asian & Invitation Championship 2025) នៅប្រទេសសិង្ហបុរី ពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិចំបាប់កម្ពុជាបានបញ្ជាក់មកថា មេដាយទាំង៣គ្រឿងនេះ មានមេដាយប្រាក់១គ្រឿង និងសំរឹទ្ធ២គ្រឿង ដែលដណ្តើមបានដោយកីឡាករ សឿន សុភាស់ ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម ខណៈមេដាយមាសបានទៅកីឡាករចំបាប់នូវែលសេឡង់ Suraj Shahil Singh និងមេដាយសំរឹទ្ធបានទៅលើកីឡាករម្ចាស់ផ្ទះសិង្ហបុរី Javier Ze Xin Yong ។ ចំពោះកីឡាករ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម ខណៈមេដាយមាសបានទៅកីឡាករចំបាប់វៀតណាម និងមេដាយប្រាក់បានទៅលើកីឡាករសិង្ហបុរី។ រីឯកីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle។

គ្រូបង្វឹករូបនេះបានឱ្យដឹងបន្ថែមទៀតថា ក្នុងព្រឹត្តិការណ៍កីឡាចំបាប់អន្តរជាតិនេះ គឺកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១២នាក់ចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីចំបាប់កម្ពុជាឱ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។ លោក ខេស៊ី បាណេត បានជួយឧបត្ថម្ភដល់អាជ្ញាកណ្តាលអន្តរជាតិ (កម្ពុជា) គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីទំាងការហូបចុក ស្នាក់នៅ និងការធ្វើដំណើរចំនួន ១៧ នាក់។

គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់កម្ពុជាសរុប ១៧ នាក់ រួមមាន កញ្ញា កាង ណុចបវរ ប្រធានប្រតិភូ លោក នុត សេរីរដ្ឋ អាជ្ញាកណ្តាលអន្តរជាតិ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ លោក នុត សុផាល គ្រូជំនួយជម្រើសជាតិ និងលោកស្រី ចូវ សុធារ៉ា គ្រូជំនួយជម្រើសជាតិ។ កីឡាករ ៩ នាក់ មានដូចជាកីឡាករ ហេង វុទ្ធី កីឡាករ ហេង រ័ត្នថា កីឡាករ កែវ សុភ័ក្ត កីឡាករ យុន ប៊ុនណា កីឡាករ ឈឿង ឈាង កីឡាករ លឹម សុខលាង កីឡាករ សឿន សុភាស់ កីឡាករ ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន។ រីឯកីឡាការិនី៣នាក់ រួមមាន កីឡាករ ជា កញ្ញា កីឡាការិនី ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ៕