ចំនួនមនុស្សស្លាប់នៅ GAZA កើនឡើងដល់៥៣.៥៧៣នាក់ របួសជាង១២ម៉ឺននាក់ភាគច្រើនជាស្រ្តីនិងកុមារ ដោយបន្សល់ទុកកុមារ កំព្រារាប់ពាន់នាក់

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ ក្រោយពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៥៣.៥៧៣ នាក់ហើយ និង ១២១.៦៨៨ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងចាប់ពីខែតុលាឆ្នាំ២០២៣ នេះបើយោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារនេះ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស៨៧នាក់ និងរបួស២៩០នាក់នៅហ្គាហ្សា។ អាជ្ញាធរបានរាយការណ៍ថា ក្នុងចំណោមនោះមានមនុស្ស៥៣នាក់បានស្លាប់ និងជាង៥០នាក់ផ្សេងទៀតបានរងរបួសក្នុងមួយថ្ងៃអង្គារពេញ។ UN Women បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារថា ស្ត្រី និងក្មេងស្រីជាង២៨០០០នាក់ត្រូវបានស្លាប់នៅក្នុងហ្កាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងតំបន់នេះកាលពីខែតុលា ឆ្នាំ២០២៣។ តួលេខនេះមានន័យថា ជាមធ្យមស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ត្រូវបានសម្លាប់ជារៀងរាល់ម៉ោងនៃការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល នេះបើយោងតាម UN Women ។ អង្គការសហប្រជាជាតិ UN សម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី បាននិយាយទៀតថា ក្នុងចំណោមអ្នកដែលត្រូវសម្លាប់ទាំងរាប់ពាន់នាក់នោះភាគច្រើនគឺជាម្តាយ ដោយបានបន្សល់ទុកនូវកុមារតូចៗ ហើយក្រុមគ្រួសារខ្លះ និងសហគមន៍នានាក៏ត្រូវបំផ្លិចបំផ្លាញដែរ។ ទីភ្នាក់ងារនេះបាននិយាយថាចាប់តាំងពីបរាជ័យនៃបទឈប់បាញ់ក្នុងខែមីនាមក ស្ថានភាពនៅហ្កាហ្សាកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត ដែលរួមផ្សំដោយការបិទច្រកនាំចូលជំនួយមនុស្សធម៌ជិត៩សប្តាហ៍ បានធ្វើឲ្យពលរដ្ឋនៅទីនោះកាន់តែវេទនាលើសដើម។ ពួកគេបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីស្ដារឡើងវិញភ្លាមៗនូវជំនួយសង្រ្គោះ ដោយប្រើប្រាស់កម្លាំងមនុស្សធម៌ដែលគ្មានការរារាំង និងការដោះលែងចំណាប់ខ្មាំងទាំងអស់ និងអ្នកដែលជាប់ឃុំដោយនានាដោយគ្មានលក្ខខណ្ឌនៅពេលនេះ៕ 

 

សម្រួលអត្ថបទ៖ សុផារិន្ទ