ចំនួនមនុស្សស្លាប់កើនឡើងដល់ ២៤ នាក់ បាត់ខ្លួនជាង៦០នាក់! ក្នុងគ្រោះអគ្គីភ័យឆាបឆេះផ្សារទំនើបនៅទីក្រុងការ៉ាជីប្រទេសប៉ាគីស្ថាន

មន្ត្រីបាននិយាយថាមនុស្ស ២៤ នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់នៅក្នុងគ្រោះអគ្គីភ័យដ៏ធំមួយនៅទីតាំងផ្សារទំនើបក្នុងទីក្រុងការ៉ាជី ដែលជារដ្ឋធានីនៃខេត្តស៊ីនឌ៍ ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ អ្នកនាំពាក្យរបស់អង្គភាពជួយសង្គ្រោះ ១១២២ ដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំនៅក្នុងទីក្រុងបានបន្តនៅអគារ Gul Plaza ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយអគ្គីភ័យលេបត្របាក់។ ពួកគេនៅតែបារម្ភថានឹងមានតួរលេខមនុស្សស្លាប់កើនឡើងបន្ថែមទៀត ដោយសាររចនាសម្ព័ន្ធផ្សារនោះនៅតែមិននឹងនរនោះទេ ហើយផ្នែកធំៗនៃអគារបានដួលរលំអស់ហើយ។ អគ្គីភ័យបានផ្ទុះឡើងនៅយប់ថ្ងៃសៅរ៍នេះ នៅ Gul Plaza ដែលជាផ្សារទំនើបច្រើនជាន់ដែលមានទីតាំងនៅលើផ្លូវ MA Jinnah ដែលមានហាងទំនិញជាង ១២០០។ វាត្រូវបានគេគ្រប់គ្រងមកវិញបន្ទាប់ពីការសង្រ្គោះរយៈពេលជាង ២៤ ម៉ោងកាលពីថ្ងៃអាទិត្យ។ អភិបាលខេត្តស៊ីនឌ៍ លោក Syed Murad Ali Shah បាននិយាយថា មនុស្សប្រហែល ៦០ នាក់ត្រូវគេរាយការណ៍ថានៅតែបាត់ខ្លួន។ ចំណែកលោក Shah បាននិយាយថា រដ្ឋបាលខេត្តនឹងផ្តល់សំណងចំនួន ១០ លានរូពីប៉ាគីស្ថាន (ប្រហែលជា ៣៦.០០០ ដុល្លារអាមេរិក) ដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ។ មន្ត្រីជួយសង្គ្រោះបាននិយាយថា ក្រុមពន្លត់អគ្គីភ័យបានខិតខំប្រឹងប្រែងចូលរួមក្នុងប្រតិបត្តិការសង្រ្គោះនោះរហូតដល់ភ្លើងរំលត់ទាំងស្រុង ដើម្បីធានាបាននូវបរិយាកាសការងារបន្ថែមសម្រាប់ក្រុមជួយរុករក ខណៈដែលគ្រឿងចក្រធុនធ្ងន់កំពុងត្រូវបានគេប្រើប្រាស់ដើម្បីទាញយកកំទេចកំទីនានាចេញ និងបង្កើតផ្លូវចូលទៅខាងក្នុងតាមដែលអាចធ្វើទៅបាន។ យោងតាមក្រុមជួយសង្គ្រោះលេខ ១១២២ បានឲ្យដឹងទៀតថាសពមនុស្សជាច្រើនត្រូវបានគេរកឃើញថាឆេះខ្លោចធ្ងន់ធ្ងរ ឬដោយសារភ្លើងឆេះងំនិងយូរ ដែលធ្វើឱ្យការកំណត់អត្តសញ្ញាណភ្លាមៗមានការលំបាកខ្លាំងណាស់។ នីតិវិធីបច្ចេកទេស និងកោសល្យវិច្ច័យទំនើបនឹងត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់។ មូលហេតុនៃអគ្គីភ័យឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ បើទោះបីជាប៉ូលីសបាននិយាយពីមុនថា ហេតុការណ៍នេះសង្ស័យថាជាប់ពាក់ព័ន្ធនឹងបង្គុំសៀគ្វីអគ្គិសនីក៏ដោយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ