ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួន ជនត្រូវចោទ ជាជនបរទេសចំនួន៤នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ បន្ទាប់ពីចៅក្រមស៊ើបសួរ បានសួរយកចម្លើយរបស់ជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាងដែលមានក្នុងសំណុំរឿង មានភាពស៊ីសង្វាក់គ្នា ទៅនឹងអង្គហេតុដែលបានបើកការចោទប្រកាន់ រួចចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចំនួន៤នាក់ជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងដើម្បីផ្តន្ទាទោសតាមច្បាប់ ។
ជនត្រូវចោទ ជាជនជាតិចិន ទាំង៤នាក់នោះ ទី១ ឈ្មោះ CHANG YU TING ភេទ ប្រុស អាយុ ២៩ឆ្នាំ ទី២ ឈ្មោះ HANG LIN KAI ភេទ ប្រុស អាយុ ៤១ឆ្នាំ ទី៣ ឈ្មោះ WU TUNG HSIEN ភេទ ប្រុស អាយុ ៣២ឆ្នាំ និងទី៤ ឈ្មោះ LIN YU CHON ភេទ ប្រុស អាយុ ២៦ឆ្នាំ។ ពួកគេទាំង៤នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខណៈពេលចុះបង្រ្កាប នៅចំណុចភូមិគ្រឹះ KK ផ្ទះលេខ ១០៥១ ផ្លូវ បេតុង ភូមិ ច្រេស សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៥ ពាក់ព័ន្ធនឹងករណីប្រព្រឹត្តបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ដោយមានអង្គការចាត់តាំងតាមប្រព័ន្ធអនឡាញ (Online Scam) និង លួចយកលិខិតឆ្លងដែនរបស់ជនរងគ្រោះ ទៅបញ្ចូលស៊ីមកាត សម្រាប់ប្រព្រឹត្តបទល្មើស។
យោងទៅលើភស្តុតាងនានា ព្រមទាំងរបាយការណ៍ពីលទ្ធផល កោសល្យវិច័យបឋមលើ កុំព្យូទ័រ និងទូរសព្ទដៃរបស់ក្រុមជនសង្ស័យរួចមក ឃើញថា ក្រុមជនល្មើសដែលជាជនជាតិចិន បានប្រមូលផ្តុំគ្នាប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធអនឡាញ ដែលអំពើខុសច្បាប់ ដោយក្នុងនោះមានឈ្មោះ AXIU ជាមេក្លោងចាំបញ្ជាពីក្រៅប្រទេស និងឈ្មោះ LAI YOU ZHEN ជាអ្នកចាត់ចែងលើការចាយវាយផ្សេងៗ និងចាត់ចែង លើការជួលទីតាំងខាងលើ ដើម្បីងាយស្រួលក្នុងការប្រព្រឹត្តបទល្មើស។
ក្រុមជនល្មើសបានបង្កើតគណនីនៅលើបណ្តាញសង្គម ទាក់ទងទៅជនរងគ្រោះពីបណ្តាប្រទេសនានា ដែលមានបំណងចង់ Call ទៅទីក្រុងហុងកុង ឱ្យថតលិខិតឆ្លងដែនផ្ញើមកឱ្យខ្លួន ដើម្បីភ្ជាប់ជាមួយស៊ីមកាតបរទេសដែលក្រុមរបស់ខ្លួនបានត្រៀមរួចជាស្រេច។ លើសពីនេះក្រុមជនល្មើសក៏មានទទួលធ្វើលិខិតឆ្លងដែនក្លែងក្លាយផងដែរ ដោយក្រុមជនល្មើសបានយករូបភាពលិខិតឆ្លងដែនរបស់ជនរងគ្រោះមកធ្វើការក្លែងបន្លំព័ត៌មាន រួចធ្វើចេញជាលិខិតឆ្លងដែនថ្មីមួយទៀត ដោយប្រើប្រាស់អត្តសញ្ញាណរបស់អ្នកផ្សេង៕