ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យឃុំខ្លួនជនជាតិចិន០១នាក់ពីបទឆបោក មានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams)

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនជាតិចិនចំនួន០១នាក់ ឈ្មោះ HSIEH SHENG JEN ភេទប្រុសអាយុ ៣៣ឆ្នាំ ពីបទឆបោក មានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams)ឱ្យទៅមណ្ឌលអប់រំកែប្រែម១។

សូមជម្រាបជូន ជនជាតិល្មើសមានមុខរបរជាជាងជួសជុលប្រព័ន្ធទឹក និងភ្លើង កាន់លិខិតឆ្លងដែនលេខ ៣៦៥០០៩៥១៨ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ទីកន្លែងកំណើតនៅប្រទេសចិន មានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅអគារលេខ០៧ ផ្លូវលេខ ១០៥ កែងផ្លូវលេខ៣៩៦ ភូមិ៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
ដីការបង្គាប់បានបញ្ជាក់ថា ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (ONLINE SCAMS) ប្រព្រឹត្តនៅចំណុចអគារលេខ០៧ ផ្លូវលេខ១០៥ កែងផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ចៅក្រមស៊ើបសួរបានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទ ទៅមណ្ឌលអប់រំកែប្រែទី១ (ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងឱ្យ ប្រធានមណ្ឌលអប់រំកែប្រែទី១ (៥១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីផ្សេងពីនេះ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

សូមបញ្ជាក់ថា ក្នុងការអនុវត្តនូវ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕