ចេកកម្ពុជា មានទីផ្សារខ្ពស់ ត្រឹមតែរយៈពេល៥ខែ ដើមឆ្នាំនេះ នាំចេញជាង១២ម៉ឺនតោន ទៅទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា រយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ២០២៥ កម្ពុជានាំចេញផ្លែចេកស្រស់ សម្រេចបានជាង ១២ ម៉ឺនតោន (១២២២៩០) កើនឡើង ៥,៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ១១ ម៉ឺន ៦ ពាន់តោន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានការកើនឡើងដោយសារតែមានតម្រូវការខ្ពស់។

អ្នកស្រី ហេង ដាវី ប្រធានគ្រប់គ្រងក្រុមហ៊ុន ឡុង ស្រេង ចម្ការចេកនៅក្នុងស្រុកស្ទឹងត្រង់បានឱ្យដឹងថា បច្ចុប្បន្នមានទីផ្សារប្រទេសធំពីរដែលក្រុមហ៊ុនបាននាំចេញមានទីផ្សារប្រទេសចិន និងជប៉ុន។ អ្នកស្រីថា ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវកាប់ចេកចេញពីចម្ការពី ៦ ទៅ ៧ ពាន់ស្និតដើម្បីវេចខ្ចប់នាំចេញ ដែលមួយថ្ងៃយ៉ាងហោចណាស់មានពី ៣ កុងតឺន័រ និងអាចឈានដល់ ១០ កុងតឺន័រនៅពេលមានតម្រូវការខ្ពស់ ដែលភាគច្រើននាំទៅទីផ្សារប្រទេសចិននិងជប៉ុន ខណៈទីផ្សារក្នុងស្រុកមានចំនួនតិចតួចបំផុត។

ក្រុមហ៊ុន ឡុង ស្រេង ចម្ការចេក កំពុងវិនិយោគការដាំដុះចេកពូជអំបូងលឿងលើផ្ទៃដីប្រមាណ ២ ពាន់ហិកតានៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងកំពុងពង្រីកការដាំដុះរាប់រយហិកតាថែមទៀត។

កម្ពុជាមានផ្ទៃដីដាំដុះចេកប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺជាដើម៕