ចូលរួមទប់ស្កាត់ជំងឺរាតត្បាតតាមរយៈការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តស្របតាមស្តង់ដារសុវត្ថិភាព

សំណល់មានច្រើនប្រភេទ ហើយមួយក្នុងនោះគឺសំណល់វេជ្ជសាស្រ្ត។ ប្រសិនបើគ្រប់គ្រងមិនបានល្អសំណល់ប្រភេទនេះ​អាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់អាយុជីវិតមនុស្ស សត្វ និងបរិស្ថាន។ សំណល់វេជ្ជសាស្រ្ត ជាពិសេសសំណល់ឆ្លងរោគ ដូចជាសំណល់ចេញពីសរីរាង្គ ជាលិកា សរីរាង្គមានភាពកខ្វក់ដោយសារមេរោគ និងឧបករណ៍ឬសម្ភារៈពាក់ព័ន្ធនឹងអ្នកជំងឺដែលផ្ទុកមេរោគឆ្លង រួមមានសំឡី ម្ជុល វត្ថុមុតស្រួច ក៏ដូចជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ សុទ្ធតែអាចបង្កឱ្យមានការពុល ការចម្លងមេរោគ និងការរាតត្បាតនៃជំងឺ​ផ្សេងៗ។

សំណល់ឆ្លងរោគពីមន្ទីរពេទ្យ គ្លីនិក មន្ទីរពិសោធន៍ មជ្ឈមណ្ឌលផ្តល់ឈាម មន្ទីរពេទ្យ សំណល់ថែទាំអ្នកជំងឺនៅផ្ទះ ពេទ្យសត្វជាដើមមានការកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះការគ្រប់គ្រងសំណល់តាមបច្ចេកទេសឱ្យបានត្រឹមត្រូវពិតជាសំខាន់ ព្រោះវារួមចំណែកក្នុងការកាត់បន្ថយភាពកខ្វក់ និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ​សត្វ និងការបំពុលបរិស្ថានធ្ងន់ធ្ងរ។

បុគ្គលិកផ្នែកសុខាភិបាល ពិសេសមន្រ្តីថែទាំជំងឺ បុគ្គលិកអនាម័យ និងបុគ្គលិកទទួលខុសត្រូវក្នុងការកម្ទេចសំណល់ ស្ថិតក្នុងចំណោមក្រុមដែលប្រឈមហានិភ័យខ្ពស់នឹងការឆ្លងមេរោគពីសំណល់វេជ្ជសាស្រ្ត ដែលអាចបន្តចម្លងទៅដល់ក្រុមគ្រួសារ សហគមន៍ ប្រសិនបើគ្មានការរៀបចំឱ្យមានសុវត្ថភាពខ្ពស់នោះ។

នៅប្រទេសកម្ពុជា ឧបករណ៍គ្រប់គ្រងសំណល់ ជំនាញ និងបទពិសោធន៍ក្នុងការគ្រប់គ្រងសំណល់ឆ្លងរោគមានកម្រិតនៅឡើយ ពិសេសការកែប្រែសំណល់វេជ្ជសាស្រ្តទៅជាសំណល់មានសុវត្ថិភាព។ កត្តានេះអាចជាក្តីបារម្ភមួយចំពោះសុខភាពសាធារណៈ និងបរិស្ថាន ដែលទាមទារឱ្យមានការចូលរួមសហការពីមន្រ្តីសុខាភិបាល ក្រសួងពាក់ព័ន្ធ ដៃគូ និងមន្ទីរពេទ្យទំាងអស់ ដោយផ្តើមពីការរៀបចំទុកដាក់ ការញែកសំណល់ឱ្យបានត្រឹមត្រូវ ការយកទៅបោះចោលនៅទីលានសំរាម និងការដុតកម្ទេចក្នុងឡដុតសំណល់វេជ្ជសាស្រ្តជាដើម។ ក្នុងនោះ ជំហានដ៏សំខាន់បំផុតគឺការបែកចែកសំណល់តាមប្រភេទច្បាស់លាស់ ព្រោះការដាក់សំណល់មានមេរោគ ឬសារធាតុគីមីពុល ច្របូកច្របល់គ្នាជាមួយសំណល់ទូទៅ នោះល្បាយសំណល់នេះអាចបង្កឱ្យមានការគំរាមកំហែងខ្ពស់។

លោកស្រី មាស ធីតា បុគ្គលិកថែទាំជំងឺនៃមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា នៅមន្ទីរពេទ្យមានការរៀបចំធុងសំរាមសម្រាប់ញែកដាក់ទៅតាមប្រភេទ​នៃសំណល់ និងរៀបចំទុកត្រឹមត្រូវសម្រាប់ឱ្យរថយន្តសំណល់វេជ្ជសាស្រ្តមកដឹកយកទៅបោះចោលនៅតាមទីលានសំរាមនិងកម្ទេចក្នុងឡដុត។ ជាទូទៅ រថយន្តដឹកសំណល់វេជ្ជសាស្រ្តមកមន្ទីរពេទ្យដើម្បីយកសំណល់ទៅបោះចោលរៀងរាល់ថ្ងៃ​។ លោកស្រីបានបន្ថែមទៀតថា ក្រោយពីព្យាបាលថែទាំអ្នកជំងឺ សំណល់ផ្សេងៗដូចជា សំឡី ម្ជុល បង់រំរបួសត្រូវបានទុកក្នុងធុងសំរាមត្រឹមត្រូវតាមប្រភេទ ដើម្បីចៀសវាងបុគ្គលិកអនាម័យមុតពេលបំពេញការងារដែលអាចបង្កឱ្យឆ្លងមេរោគ។ ក្នុងករណីបុគ្គលិកសុខាភិបាលភ្លាត់ឆ្នៀតរបួសពីការមុតសំណល់វេជ្ជសាស្រ្តដូចជាម្ជុលជាដើម តម្រូវឱ្យយកធ្វើតេស្តរកមេរោគ ដូចជាមេរោគអេដស៍ និងមេរោគផ្សេងៗទៀត ករណីមិនស្គាល់សំណល់វេជ្ជសាស្រ្តនោះជារបស់អ្នកជំងឺណា។ ប៉ុន្តែបើស្គាល់អ្នកជំងឺ គឺយកឈាមរបស់អ្នកជំងឺនោះទៅពិនិត្យ។

លោក សឿន សន បុគ្កលិកអានាម័យក្នុងមន្ទីរពេទ្យ បានលើកឡើងថាគាត់បានប្រមូលសំណល់ទៅកន្លែងស្តុករាល់ថ្ងៃ ដើម្បីឱ្យរថយន្តដឹកសំណល់វេជ្ជសាស្រ្តទីដឹកតាមនីតិវិធី។ លោកបានចែករំលែកថាគាត់ធ្លាប់មុត និងរងរបួសដោយសារសំណល់វេជ្ជសាស្រ្ត។ ជាការអនុវត្ត លោកបានយកឈាមទៅពិនិត្យ និងតាមដានរៀងរាល់៣ខែម្តង ក្នុងករណីមានជំងឺឆ្លងនានា។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ទទួលបន្ទុកផ្នែកសំណល់ឆ្លងរោគ ត្រូវថែទាំ ឡដុត និងខិតខំអនុវត្តការងារតាមនីតិវិធីប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាបាននូវការប្រើប្រាស់ឡដុត ក្នុងរយៈពេលយូរប្រកបដោយសុវត្ថិភាពចំពោះបរិស្ថាន និងត្រូវសហការគាំទ្រមណ្ឌលសុខភាពធ្វើប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាសុវត្ថិភាព។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជា​​អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កាកសំណល់នៅទីប្រជុំជនសរុបប្រមាណពីចន្លោះ ៤,០០០ ទៅ ៥,០០០តោនក្នុងមួយថ្ងៃ ត្រូវបានដឹកទៅទីលានសម្រាម។ ក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក, ៦០% ជាសំណល់ប្រើប្រាស់ឡើងវិញ និងប្រមាណពី ១០% ទៅ២០% ជាសំណល់គ្រោះថ្នាក់រួមមាន សំណល់សំណរដែក ថ្ម និងសំណល់វេជ្ជសាស្រ្តជា។ល។

ទទួលស្គាល់ពីហានិភ័យខ្ពស់ដល់សង្គម និងបរិស្ថានពីសំណល់វេជ្ជសាស្រ្ត ឯកឧត្តមអ្នកនាំពាក្យបានឱ្យដឹងថា ក្រសួងបរិស្ថានបានធ្វើការជូនដំណឹង ជាពិសេសដល់មូលដ្ឋានសុខាភិបាលទាំងអស់ឱ្យយកចិត្តទុកដាក់លើការរៀបចំសម្ភារៈបរិក្ខាពេទ្យដែលប្រើប្រាស់រួច ឱ្យមានត្រឹមត្រូវដោយមិនត្រូវបោះចោលតាមទីសាធារណៈជាដាច់ខាត។​ ឯកឧត្តមបានបន្តថា ក្នុងពេលបច្ចុប្បន្ននេះ នៅក្នុងទីក្រុងភ្នំពេញ យើងឃើញមានគ្រឹះស្ថានសុខាភិបាលជាច្រើនបានបង្កើតឡដុត និងមានសេវាកម្មក្នុងការប្រមូលសម្រាមពីកាកបាតក្រហមកម្ពុជា។ ប៉ុន្តែនៅតាមបណ្តាខេត្ត សំណល់គ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគ្រប់គ្រងបានល្អនៅឡើង ហើយការដុតក្នុងឡក៏មិនទាន់បានឆ្លើយតបតាមស្តង់ដាបច្ចេកទេសទេ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថានបានអនុវត្តកម្មវិធីអប់រំ សំដៅកាត់បន្ថយការបញ្ចេញសំណល់គ្រោះថ្នាក់នៅតំបន់សាធារណៈ។ ជាមួយគ្នានេះ ក្រសួងបានពង្រឹង ហេដ្ឋារចនា​សម្ព័ន្ធក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្រ្ត តាមរយៈការបង្កើតទីលានទុកដាក់សម្រាមប្រកបដោយស្តង់ដា និងការគ្រប់គ្រងកាន់តែប្រសើរក្នុងទីតាំងសំណល់គ្រោះថ្នាក់សំណល់វេជ្ជសាស្រ្តនេះជាដើម ដើម្បីធានាបានសុវត្ថិភាពបរិស្ថាន និងធនធានធម្មជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ជំរុញបទដ្ឋានបច្ចេកទេស ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសុខាភិបាលនៅតាមមូលដ្ឋាន ឱ្យមានការបែងចែកសំណល់វេជ្ជសាស្រ្តដាច់ដោយឡែកពីសម្រាមធម្មតា និងការដុតក្នុងឡស្របតាមស្តង់ដារដែលបានកំណត់។ ក្រសួងបរិស្ថាននឹងបន្តពិនិត្យ​លើលក្ខណៈបច្ចេកទេស ការបង្ការ ការបំពុលបរិស្ថាននៅឡដុតសំណល់វេជ្ជសាស្រ្តដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន ក៏ដូចជាជំរុញភាគីពាក់ព័ន្ធ ពិសេសផ្នែកសុខាភិបាល ឱ្យរៀបចំញែកសំណល់សំណល់វេជ្ជសាស្រ្តរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងបន្តចែករំលែកព័ត៌មាននិងការអនុវត្តថ្មីៗ។

គួរបញ្ជាក់ផងដែរ ក្រសួងបរិស្ថាន បានប្រើប្រាស់គោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចក្រាវស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ធាធាកម្ពុជាមានភាពស្អាត និងលើកកម្ពស់ការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តប្រកបដោយសុវត្ថិភាពសម្រាប់បរិស្ថាន និងធម្មជាតិ។ ក្រសួងបរិស្ថានមានអនុក្រឹត្យលេខ៣៦ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងសំណល់រឹង ក្នុងគោលដៅធ្វើឱ្យសំណល់រឹង រួមទាំងសំណល់វេជ្ជសាស្រ្ត មានការគ្រប់គ្រងតាមបច្ចេកទេស និងសមស្របប្រកបដោយសុវត្ថភាព សំដៅធានាការពារសុខភាពសាធារណៈ គុណភាពបរិស្ថាន និងការអភិរក្យជីវចម្រុះ ព្រមទាំងមាននូវក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលគ្របដណ្តប់លើការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តនេះប្រកបដោយសុវត្ថិភាព៕