ចិន បញ្ជាឱ្យត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះការនាំចូលទុរេនពីថៃ ក្រោយពីរកឃើញឃ្លាំងកែច្នៃផ្លែទុរេនមានសារធាតុ(BY2) ប្រមាណ១៧តោន

ខណៈដែលរដូវទុរេនមកដល់ ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាចម្បងមួយ ដោយសារមន្ត្រីគយរបស់ចិនបានចាត់វិធានការតឹងរឹងបំផុតចំពោះផលិតផលទុរេនថៃ ក្រោយពិនិត្យរកឃើញមានសារធាតុ Basic Yellow 2 (BY2) ដែលជាសារធាតុបង្កមហារីក នៅក្នុងទុរេនថៃដែលនាំចូលប្រទេសចិន។ យោងតាមការផ្សាយរបស់កាសែត Matichon (ម៉ាទិឈុន) កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ ប្រែសម្រួលដោយត្រយ៉ងបសនឲ្យដឹងថា៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅប្រទេសថៃបានប្រាប់អ្នកសារព័ត៌មានថៃពីវិធានការត្រួតពិនិត្យទុរេន នាំចេញទៅប្រទេសចិន ដែលបង្កការព្រួយបារម្ភថាអាចធ្វើឱ្យទុរេនថៃជាប់គាំងពិបាកបញ្ចេញ។ ចិនគឺជាទីផ្សារនាំចេញទុរេនដ៏សំខាន់បំផុតរបស់ថៃ ដោយកាលពីឆ្នាំមុន ទុរេនថៃស្មើនឹង ៩៨% នៃការនាំចេញសរុប មានតម្លៃប្រមាណ ៤ ពាន់លានដុល្លារអាមេរិក។ ចាប់តាំងពីដើមឆ្នាំ ២០២៥ នេះ ដោយសារទុរេនថៃមួយចំនួនមិនអាចឆ្លងផុតការត្រួតពិនិត្យ និងត្រូវដាក់ឱ្យនៅដាច់ដោយឡែក អាជ្ញាធរគយចិនបានបង្កើនការត្រួតពិនិត្យតឹងរឹង ដើម្បីធានាសុវត្ថិភាពចំណីអាហារនាំចូល។
យ៉ាងណាមិញ ដើម្បីឆ្លើយតបនឹងរដូវផលិតទុរេនខ្ពស់ និងតម្រូវការនាំចេញទៅចិនបានទាន់វេលា ប៉ុន្តែត្រូវធានាបាននូវសុវត្ថិភាព អាជ្ញាធរគយចិនបានណែនាំឱ្យដំណើរការ វិធីធ្វើការពិសេស គឺ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយបន្ថែមមន្ត្រី និងឧបករណ៍ត្រួតពិនិត្យ ដើម្បីស្វែងរកវិធានការសម្រួលផ្សេងៗទៀត ដូចជា ការចាត់ថ្នាក់ទុរេន និងដំណើរការគយបន្ទាន់ ធ្វើយ៉ាងណាអាចឆ្លងកាត់នីតិវិធីគយបានទាន់ពេលវេលា។
នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមប្រតិបត្តិការពិសេសថៃ បានចុះត្រួតពិនិត្យ និងរឹបអូស ទុរេនខ្ចី ជាង ២ តោននៅឃ្លាំងផ្លែឈើមួយកន្លែងនៅខេត្តចន្ទបុរី ហើយបានបែងចែកគុណភាពទុរេនទាំងនោះ មុននាំយកទៅកម្ទេចចោល។
យោងតាមសេចក្តីរាយការណ៍ កម្លាំងអាវុធហត្ថខេត្តចន្ទបុរីចុះត្រួតពិនិត្យគុណភាពទុរេនសម្រាប់នាំចេញ ដើម្បីទប់ស្កាត់ទុរេនគុណភាពទាបមិនឱ្យចូលទីផ្សារនាំចេញ ដោយក្នុងការត្រួតពិនិត្យនោះបានរកឃើញឃ្លាំងកែច្នៃមួយមានទុរេនប្រមាណ ១៧ តោន ដែលកម្មករកំពុងតម្រៀប និងវេចខ្ចប់។ មន្ត្រីបានស្នើសុំត្រួតពិនិត្យ ដោយអ្នកតំណាងឃ្លាំងយល់ព្រម។ ទន្ទឹមនោះ ក៏មានរថយន្តដឹកទុរេនប្រមាណ ១០ គ្រឿងទៀតបើកមកចតរង់ចាំលក់។
ការត្រួតពិនិត្យរកឃើញរថយន្តមួយគ្រឿងមានទុរេនសំបកខាងក្រៅពណ៌ស្លេកខុសធម្មតា ហើយអ្នកបើកបរ ជាបុរសអាយុ ២៩ ឆ្នាំ មិនអាចបង្ហាញវិញ្ញាបនបត្រ GAP បាន ដោយអាងថាខ្លួនគ្រាន់តែជាអ្នកដឹកជញ្ជូនទុរេន ទទួលថ្លៃឈ្មួល ២,៥០០ បាតក្នុងមួយជើង ដូច្នេះមិនដឹងព័ត៌មានលម្អិតផ្សេងៗនោះឡើយ។ ពេលកំពុងរង់ចាំត្រួតពិនិត្យ រថយន្តនោះបានបើករត់គេចខ្លួនបាត់ទៅ។