ចប់ការបោះឆ្នោតនៅអ៊ីស្រាអែលភ្លាម លោកនាយករដ្ឋមន្រ្តី Netanyahu ចេញមកសន្យាប្រកាសនារំលងអាធ្រាតថានឹងលុបបំបាត់ការគំរាមកំហែងអត្ថិភាពចេញពីអ៊ីរ៉ង់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវដល់គណបក្ស Jewish សូមចូលខ្លួនមកគាំទ្ររូបលោកនៅថ្ងៃពុធនេះ ដោយលោកសន្យាថានឹង “លុបបំបាត់ការគំរាមកំហែងអត្ថិភាពចេញពីអ៊ីរ៉ង់។ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រដ៏ក្លៀវក្លានៅវេលាម៉ោង៣ព្រឹកចូលដល់ថ្ងៃពុធនេះ លោក Netanyahu បានសង្កត់ធ្ងន់ថា ការស្ទាបស្ទង់មតិសម្រាប់អ្នកបោះឆ្នោតបានបង្ហាញថា គណបក្ស Likud របស់លោកត្រូវគេព្យាករណ៍ថាជាគណបក្សធំបំផុតនៅក្នុងសភាបន្ទាប់ ឬ អាចនិយាយបានថានឹងឈ្នះដាច់តែម្តង។ លោកបានរាយបញ្ជីសមិទ្ធផលយោធារបស់អ៊ីស្រាអែលក្នុងរយៈពេលបីឆ្នាំកន្លងមក និងបានសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីប្រយុទ្ធប្រឆាំងនឹងរបបអ៊ីរ៉ង់។ នៅក្នុងសារមួយដែលមានគោលបំណងទៅកាន់គូប្រជែងរបស់លោក លោក Netanyahu បាននិយាយថា៖ គ្មានរដ្ឋាភិបាលណាមួយគួរតែត្រូវបានបង្កើតឡើងដែលពឹងផ្អែកលើគណបក្សអារ៉ាប់នោះទេ។ បើទោះបីជាគណបក្សដែលដឹកនាំដោយជនជាតិអារ៉ាប់បានបង្ហាញវត្តមានយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារទី២៧នេះក្តី ហើយអាចជាអ្នកនាំមុខគេ ខណៈដែលការស្ទង់មតិអ្នកបោះឆ្នោតបង្ហាញថា ប្លុករបស់លោក Netanyahu និងគូប្រជែងរបស់លោកមានទំនាក់ទំនងគ្នា ហើយបក្សទាំងពីរមិនអាចបង្កើតសម្ព័ន្ធភាពគ្រប់គ្រងរួមគ្នាបានទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ