ចក្រភពអង់គ្លេសប្រកាសអាសន្នឡើងកម្តៅខ្លាំងបំបែកកំណត់ត្រាក្នុងខែឧសភានេះ បន្ទាប់ពីភពផែនដីឡើងកម្តៅពី១ឆ្នាំទៅ១ឆ្នាំបានធ្វើឱ្យអាកាសធាតុប្រែប្រួល

ចក្រភពអង់គ្លេសបានបំបែកកំណត់ត្រារបស់ខ្លួនសម្រាប់សីតុណ្ហភាពក្តៅបំផុតក្នុងខែឧសភានេះ បន្ទាប់ពីមានរលកកំដៅដែលត្រូវបានគេប្រកាសឡើងក្នុងតំបន់ជាច្រើននៃប្រទេសនេះ។ អ្នកស្រុក និងអ្នកទេសចររាប់រយនាក់បានស្វែងរកទីតាំងបើកចំហរ មានខ្យល់ចេញចូលដូចជានៅតាមឆ្នេរសមុទ្រ ឧទ្យានសាធារណៈ និងទីតាំងម្លប់នានាក្នុងថ្ងៃឈប់សម្រាក ខណៈដែលសីតុណ្ហភាពបានឡើងដល់៣៣.៥ អង្សាសេ នៅអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ៍ ដែលជាកម្រិតបំបែកកំណត់ត្រាខុសគ្នាកាលពីឆ្នាំ១៩២២ គឺ៣២.៨ អង្សាសេ ដែលកម្រិតនេះគឺវាក្តៅខ្លាំងណាស់ទៅហើយសម្រាប់ចក្រភពអង់គ្លេស និងធ្លាប់ឆ្លងកាត់ម្តងរួចមកហើយដែរក្នុងឆ្នាំ១៩៤៤។ ទីភ្នាក់ងារសុខភាពសាធារណៈចក្រភពអង់គ្លេសបានចេញសេចក្តីជូនដំណឹងពីស្ថានភាពសុខភាពសាធារណៈកម្រិតពណ៌លឿងដំបូងរបស់ខ្លួនប្រចាំឆ្នាំ និងបានព្រមានបន្ថែមទៀតអំពីករណីអាចមានមនុស្សស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំង ជាពិសេសក្នុងចំណោមពលរដ្ឋជាមនុស្សចាស់ ដែលសីតុណ្ហភាពឡើងក្តៅខ្លាំងគឺនៅពេលថ្ងៃ។ សីតុណ្ហភាពកើនឡើងនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសនេះ ដែលធ្វើឱ្យថ្ងៃច័ន្ទម្សិលមិញក្លាយជាថ្ងៃឈប់សម្រាក សម្រាប់សេវាធនាគារមិនធ្លាប់មានទេពីមុនមក។ អ្នកឧតុនិយមនិយាយទៀតថា សីតុណ្ហភាពឡើងកម្តៅខ្ពស់ ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងរដូវក្តៅ គឺបណ្តាលមកពីតំបន់សម្ពាធខ្ពស់ខ្លាំងពីទ្វីបអឺរ៉ុប ដែលរុញច្រានខ្យល់ក្តៅទៅកាន់ចក្រភពអង់គ្លេស។ រលកកំដៅខែឧសភានេះគឺកម្រកើតឡើងណាស់ក្នុងចក្រភពអង់គ្លេស ហើយអ្នកជំនាញនិយាយថា កង្វះទឹកភ្លៀងនៅឆ្នាំនេះ ក៏អាចបណ្តាលឱ្យដំណាំកសិកម្មត្រូវរងគ្រោះផងដែរ។ គ្រោះមហន្តរាយអាកាសធាតុកម្រិតបែបនេះកើតឡើង គឺបន្ទាប់ពីការកើនកំដៅផែនដីពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកជំនាញនិយាយថា គ្រោះមហន្តរាយអាកាសធាតុដែលមិនធ្លាប់មានពីមុនមក និងបណ្តាលឲ្យមានមនុស្សស្លាប់ ដែលជួនកាលវាក៏បានវាយប្រហារក្នុងពេលវេលាមិនប្រក្រតី នៅទីតាំងមិនប្រក្រតី ដែលបានកំពុងធ្វើឱ្យមនុស្សភាគច្រើនត្រូវគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ