គ.ក.ស.ក ខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពង្រឹងកិច្ចការពារស្ត្រី និងកុមារ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ (គ.ក.ស.ក) អាណត្តិទី៤ បានរៀបចំ «កិច្ចប្រជុំសាមញ្ញលើកទី២៦» នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ យុឹង សុឃឿន អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ (គ.ក.ស.ក) និងមានការចូលរួមពីប្រធាន គ.ក.ស.ក ក្រុង/ស្រុក មន្ត្រីជំនាញ និងអង្គការដៃគូអភិវឌ្ឍន៍នានា។
អង្គប្រជុំបានពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី២៥ ព្រមទាំងស្តាប់របាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ លើការងារការពារស្ត្រី និងកុមារ និងការដោះស្រាយបញ្ហាប្រឈមតាមរយ:ការពិភាក្សាយ៉ាងម៉ត់ចត់លើស្ថានភាពប្រឈម និងសំណូមពរនានាពាក់ព័ន្ធនឹងស្ត្រី និងកុមាររងគ្រោះ រួមទាំងការស្វែងរកដំណោះស្រាយឆ្លើយតបភ្លាមៗនៅតាមមូលដ្ឋាន។
ទន្ទឹមនឹងនេះ គ.ក.ស.ក បានដាក់ទិសដៅសំរាប់អនុវត្តខែបន្ទាប់ដូចជា៖
១. រៀបចំ និងអនុវត្តផែនការសកម្មភាពរបស់ គ.ក.ស.ក ខេត្ត
២. ចុះផ្សព្វផ្សាយអប់រំអំពីសុខភាព អនាម័យ និងការការពារជំងឺឆ្លង/មិនឆ្លង ជូនប្រជាពលរដ្ឋក្នុងខេត្ត
៣. អន្តរាគមន៍ និងដោះស្រាយករណីពាក់ព័ន្ធនឹងស្ត្រី និងកុមារឱ្យទាន់ពេលវេលា និងចំគោលដៅ។
លោកជំទាវប្រធានអង្គប្រជុំ បាន វាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់សមាជិកទាំងអស់ និងបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន គ.ក.ស.ក ក្រុង/ស្រុក និងអង្គការដៃគូ បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ រាយការណ៍រាល់ករណីកើតឡើងឱ្យបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះ និងការពារស្ត្រី និងកុមាររងគ្រោះ ឬងាយរងគ្រោះឱ្យមាន ប្រសិទ្ធភាពខ្ពស់។
អត្ថបទ៖ ម៉ារ៉ាឌី



