គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិចទ័ រនៅភាគខាងត្បូងជប៉ុន បន្តសម្លាប់មនុស្សកើនដល់១៨នាក់-របួស៦២នាក់ ខណៈការស្វែងរកនៅតែសកម្មជាពិសេសនៅផ្សារទំនើប Aeon Mall

ទាហាន និងបុគ្គលិកសង្គ្រោះបន្ទាន់ បានរុករកផ្សារទំនើបអ៊ីអ​នដែលខូចខាតយ៉ាងធ្ងន់ធ្ងរ និងផ្ទះដួលរលំ ដើម្បីស្វែងរកអ្នករស់រានមានជីវិតដែលជាប់គាំងកាលពីថ្ងៃពុធនេះ បន្ទាប់ពីភាគខាងត្បូងប្រទេសជប៉ុនរងគ្រោះរញ្ជួយដីដ៏ខ្លាំង បានសម្លាប់មនុស្ស ១៨នាក់ហើយ គិតត្រឹមថ្ងៃនេះ រួមទាំងជនបរទេសម្នាក់នាភាគនិរតីប្រទេស។ រដ្ឋបាលខេត្ត Kumamoto បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ដែលបានវាយប្រហារទីក្រុងនៅលើកោះ Kyushu បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦២ នាក់រងរបួស ដោយក្នុងនោះ៦នាក់របួសធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ ខណៈការខូចខាតធ្ងន់ធ្ងរបំផុតគឺនៅផ្សារទំនើប Aeon Mall ក្នុងទីក្រុង Kashima ដែលមានមនុស្សរាប់ពាន់នាក់ដែលកំពុងមមាញឹកដើរផ្សារពេលល្ងាច អំឡុងពេលគ្រោះរញ្ជួយដីមកដល់។ ក្រុមហ៊ុនបាននិយាយថា អតិថិជនប្រហែលជា ៣០០០ នាក់ត្រូវបានគេជម្លៀសទៅកាន់ចំណតរថយន្ត មុនពេលមានការផ្ទុះឧស្ម័ននៅក្នុងផ្នែកមួយទៀតក្នុងផ្សារទំនើបនេះ និងជាកន្លែងដែលមនុស្សមួយចំនួននៅតែធ្វើការងាររបស់ពួកគេ។ លោក Kiyoshi Matsunaga អាយុ ៧៤ ឆ្នាំ ដែលរស់នៅម្តុំសង្កាត់ផ្សារទំនើបអ៊ីអន មានចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ បាននិយាយថា គាត់គិតថាគាត់នឹងស្លាប់ហើយ។ ព្រោះនៅពេលដែលអ្នកអាចបើកទូរទស្សន៍តាមដានព័ត៌មាន ហើយបានឃើញគេនិយាយថាមានករណីផ្ទុះឧស្ម័នចេញពីផ្សារទំនើប Aeon។ ពេលនោះហើយដែលខ្ញុំបានដឹងថាសំឡេងដែលខ្ញុំបានឮដ៏ខ្លាំងនោះគឺមកពីការផ្ទុះនោះឯង។ វាពិតជាគួរឲ្យខ្លាចនិងបំផ្លិចបំផ្លាញណាស់។ ម្យ៉ាងវិញទៀត នៅក្នុងស្រុក Nuyamazu ទ្វារបុរាណជប៉ុនចំនួនពីរ នៅវត្តព្រះពុទ្ធសាសនាសតវត្សរ៍ទី ១៦ក៏បានដួលរលំដែរ។ ក្លោងទ្វាទាំងពីរទើបតែត្រូវបានជួសជុលកាលពី៥ឆ្នាំមុន ដោយអនុប្រធានសង្ឃឈ្មោះ Yuki Kiyozumi ប្រចំានៅវត្តនេះបានរំលឹកឡើងវិញពីគ្រោះរញ្ជួយដីកាលពី១ទសវត្សរ៍មុន ក៏បានបំផ្លាញវត្តនេះស្រដៀងគ្នានឹងគ្រោះរញ្ជួយដីលើកនេះដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ