គ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រវាយប្រហារទីក្រុង Xizang របស់ចិនទាំងព្រលឹមថ្ងៃច័ន្ទនេះ! តែជាសំណាងល្អមិនបណ្តាលឲ្យមាន មនុស្សស្លាប់និងរបួសណាម្នាក់ឡើយ

យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័របានវាយប្រហារតំបន់ Lhaze ក្នុងទីក្រុង Xigaze តំបន់ស្វយ័ត Xizang ភាគនិរតីនៃប្រទេសចិន នៅវេលាព្រឹកព្រលឹមថ្ងៃច័ន្ទនេះ ប៉ុន្តែគ្រោះថ្នាក់នេះមិនបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនោះទេ។ ចំណុចកណ្តាលនៃករណីរញ្ជួយនោះ ត្រូវបានគេត្រួតពិនិត្យនៅរយៈទទឹង២៨.៩១ដឺក្រេភាគខាងជើង និងរយៈបណ្តោយ ៨៧.៥៤ដឺក្រេខាងកើត ហើយមានចំងាយ ២១ គីឡូម៉ែត្រពីតំបន់ Lhaze និង ចំងាយ១៣៦ គីឡូម៉ែត្រពីតំបន់ Xigaze ។ យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន បានឱ្យដឹងថាគ្រោះរញ្ជួយដីនោះបានវាយប្រហារក្នុងជម្រៅ១០ គីឡូម៉ែត្រ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះមានកម្លាំងខ្លាំង បានធ្វើឱ្យអ្នកស្រុកមួយចំនួនភ្ញាក់ផងដែរ។ យោងតាមរូបភាពវីដេអូតាមរយៈកាម៉េរ៉ាសុវត្ថិភាពពីក្នុងហាងទំនិញមួយចំនួនបានឲ្យឃើញថា វារង្កើ និង រញ្ជួយក្នុងកម្រិតខុសគ្នាអំឡុងពេលរញ្ជួយដីដែរ។ ក្រោយពីគ្រោះរញ្ជួយដីនេះកើតឡើង អាជ្ញាធរបានដាក់ចេញនូវវិធានការឆ្លើយតបភ្លាមៗ និងបន្តវាយតម្លៃពីផលប៉ះពាល់ដែរ។ ក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះ ក៏ត្រូវបានគេបញ្ជូនទៅកាន់ចំណុចកណ្តាលនៃទីតាំងរញ្ជួយដី ដើម្បីសង្រ្គោះប្រជាជនដែរ។ រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ថាមនុស្សរងរបួសនោះទេ។ ប៉ុន្តែសេវាកម្មផ្គត់ផ្គង់ទឹក អគ្គិសនី ផ្លូវថ្នល់ និងប្រព័ន្ធទំនាក់ទំនងនៅតែដំណើរការជាធម្មតាដដែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ