គ្រោះថ្នាក់រអិលបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឱ្យរថយន្តក្រុង១គ្រឿង ធ្លាក់ផ្លូវសម្លាប់មនុស្ស១៥នាក់

អាជ្ញាធរក្នុងតំបន់បាននិយាយថាមានមនុស្សចំនួន១៥នាក់បានស្លាប់ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីកំទេចកំទីពីគ្រោះរអិលបាក់ដីដ៏ធំមួយបានធ្លាក់ចុះមកសង្កត់រថយន្តក្រុងនៅរដ្ឋ Himachal Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។ មុនពេលគ្រោះថ្នាក់រថយន្តក្រុងនេះបានធ្វើដំណើរនៅតាមផ្លូវលើភ្នំមួយដែលស្ថិតនៅជិតស្រុក Bilaspur និងស្របពេលដែលមានហេតុការណ៍រអិលបាក់ដីបានវាយប្រហារទីនោះដែរ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ មានអ្នកដំណើរយ៉ាងហោចណាស់ពី ២០ ទៅ ២៥នាក់ស្ថិតនៅលើរថយន្តក្រុងអំឡុងពេលជួបគ្រោះថ្នាក់នោះ។ ប៉ូលិសបាននិយាយថា បុរស៩នាក់ ស្ត្រី៤នាក់ និងកុមារ២នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យស្រុករបស់លោក Sukhvinder Singh Sukhu ជាមន្ត្រីជាប់ឆ្នោតខ្ពស់ថ្មីរបស់រដ្ឋបានឱ្យដឹងថា កុមារ៣នាក់បានរងរបួសត្រូវបានគេនាំមកជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីព្យាបាលជាបន្ទាន់ដែរ។ ប៉ូលិសបាននិយាយថាប្រតិបត្តិការជួយសង្គ្រោះបានបន្តរហូតដល់ព្រឹកថ្ងៃពុធនេះ ដោយព្យាយាមស្វែងរកអ្នកដំណើរផ្សេងទៀតដែលបាត់ខ្លួន ប៉ុន្តែគេជឿជាក់ថាពួកគេបានស្លាប់ហើយ។ ស្ថានភាពភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបោកបក់លើតំបន់នេះ ចាប់តាំងពីថ្ងៃច័ន្ទមកដែលធ្វើឲ្យផ្លូវជម្រាលភ្នំងាយរងគ្រោះថ្នាក់ និងមិនមានសុវត្ថិភាពនោះទេ៕

សម្រួលអត្ថបទ៖ សុផារិន្ទ