គ្រោះថ្នាក់បាក់រលំបង្គោលស្ទួចសំណង់ផ្លូវដែកនៅប្រទេសថៃបានធ្វើឱ្យមនុស្សស្លាប់កើនដល់៣២នាក់ របួស៦៥នាក់ និង បាត់ខ្លួន៣នាក់
ក្រុមការងារកំពុងដំណើការដោយមានគ្រឿងចក្រដើម្បីរុះរើសម្អាតកម្ទេចកម្ទីនានានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តាមទូរថភ្លើងដែល ខូចខាតនីមួយៗ ក្រោយពី១ថ្ងៃបន្ទាប់ពីបង្គោលស្ទូចគ្រឿងសំណង់ មួយបានបាក់រលំសង្កត់លើរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងដែលបានធ្វើដំណើរក្នុងភាគឦសាននៃប្រទេសថៃ បង្កឱ្យវាធ្លាក់ផ្លូវចេញ ពីផ្លូវផ្ទុះឆាបឆេះ សម្លាប់មនុស្សរហូត ៣២នាក់ហើយ គិតត្រឹមថ្ងៃព្រ.ហនេះនិងមានរបួសរាប់សិបនាក់ដែរ។ គ្រោះថ្នាក់នេះបានកើតឡើងនៅខេត្តនគររាជសីមា ចម្ងាយប្រហែលជា២០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងបាងកក នៅលើផ្នែកមួយនៃគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនតាមគម្រោងរបស់រដ្ឋ ដែលមានបំណងតភ្ជាប់ពីប្រទេសចិនជាមួយតំបន់ អាស៊ីអាគ្នេយ៍ភាគច្រើននោះ នេះគឺជាគម្រោងផ្លូវដែកល្បឿនលឿន ដ៏មានមហិច្ឆតាមួយនៃគម្រោងថៃ-ចិន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយដ៏មានមហិច្ឆតារបស់ទីក្រុងប៉េកាំង។ ក្រុមហ៊ុនម៉ៅការដែលពាក់ព័ន្ធនឹងគម្រោងនេះគឺមានឈ្មោះថា Italian-Thai Development។ ការិយាល័យសុខភាពសាធារណៈខេត្តនេះបាននិយាយថាមនុស្សស្លាប់កើនដល់ចំនួន៣២នាក់ និងជនរងគ្រោះចំនួន ៦៤នាក់បានរងរបួសស្រាល រួមទាំង៧នាក់រងរបួសធ្ងន់។ ក្នុងចំណោមអ្នកដំណើរជិត២០០នាក់ដែលជួបគ្រោះថ្នាក់នោះ នៅតែមានអ្នកដំណើរ៣នាក់ទៀតបាត់ខ្លួននៅឡើយទេ ដែលគេ ជឿជាក់ថាពួកគេអាចកៀបតាមទូរថភ្លើងណាមួយ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីយប់ថ្ងៃពុធនេះ។ អាជ្ញាធរបាននិយាយទៀតថា បង្គោលស្ទូចសំណង់នេះកំពុងស្ថិតក្នុងដំណើរការប្រើប្រាស់ដើម្បីសាងសង់ផ្នែកខ្ពស់មួយនៃគម្រោងផ្លូវដែកល្បឿនលឿន ហើយវាបានបាក់ធ្លាក់ចុះ ខណៈដែលរថភ្លើងនោះកំពុងធ្វើដំណើរពីរដ្ឋធានីបាងកក ទៅកាន់ខេត្តឧប៊ុនរ៉ាចាថានី។ នាយកដ្ឋានដ្ឋានដឹកជញ្ជូនផ្លូវដែករបស់ប្រទេសថៃបាននិយាយថា បង្គោលស្ទូចនេះគឺប្រើប្រាស់សម្រាប់ស្ទូចលើកដាក់ឧបករណ៍ដែកធ្ងន់ៗ ដែលជាបង្គុំមានជើងបញ្ឈរ ដែលជាធម្មតាគេប្រើវាដើម្បីធ្វើផ្លូវថ្នល់ ឬ ផ្លូវដែកខ្ពស់ៗ និងខ្លះអាចមានកង់ចល័តបានផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



