ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈផ្សេងៗ ប្រមាណជាង២០កុងតឺន័រ ត្រូវបានដឹកជូនទៅដល់កងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក ក្នុងនោះ ក៏មាន ទាំងការដឹកចានឆ្នាំងចំនួន១៥០០០សម្រាប់ ចង្ក្រានហ្គេសចំនួន១៧០០០ចង្រ្កាន និង៣៤០០០កំប៉ុងផងដែរ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤នាថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥នេះនៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋបានសាគ្គីភាពជាធ្លុង១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ចំណុចនេះបានធ្វើឱ្យប្រជាជនមើលឃើញយ៉ាងច្បាស់ពីតួនាទី ដែលមិនអាចខ្វះបានរបស់វីរកងទ័ព ដឹកនាំដោយសម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញបានរួមគ្នាជាមួយប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដោយបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងថវិកាជូនទៅដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹក។
ឯកឧត្តមបន្ថែមថា ក្រៅពីការងារខាងលើ ការរក្សាសន្តិសុខ សុវត្ថិភាពនៅរាជធានីភ្នំពេញយើងក៏បានអនុវត្តបានល្អប្រសើរ ជាមួយនឹងការបង្ក្រាបល្បែងស៊ីសង់តាមអនឡាញបានជាច្រើនកន្លែងផងដែរ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សារាជធានី- ភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការចំណូល ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ៕