គ្រូពេទ្យជំនាញមកពី៤ប្រទេស វះកាត់ជួយសង្គ្រោះជីវិតសត្វដំរីញី “កម្ទេចចែ” ជាប់នឹងសាច់ដ៏កម្រ ទទួលបានជោគជ័យ

ខេត្តសៀមរាប ៖ ក្រុមគ្រូពេទ្យជំនាញ សហការវះកាត់ដោយជោគជ័យក្នុងការសង្គ្រោះសត្វដំរីញី ១ក្បាលដែលមាន “កម្ទេចចែ” ជាប់នឹងសាច់ដ៏កម្រ។ ការវះកាត់នេះបានធ្វើឡើងក្រោមកិច្ចសហការរវាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាមួយអ្នកជំនាញបសុពេទ្យអន្តរ ជាតិ ដេអេលេហ្វង់អង្គរខេត្តសៀមរាប (KROM DES ÉLEPHANTS D’ANGKOR) បានជួយ សង្គ្រោះជីវិត “ជីក្លប់” ដែលជាដំរីស្រុកញីចូលនិវត្តន៍មួយក្បាល កំពុងរស់នៅជំរំដំរីព្រៃគូលែន មានទីតាំងស្ថិតនៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយធ្វើការវះកាត់យកកម្ទេចចែ ដែលជាប់នឹងសាច់ដ៏កម្រមួយ និងជោគជ័យ។
លោកវេជ្ជបណ្ឌិត ណាវេន នីថា (Navaneetha Roopan) ប្រធានក្រុមផែនការ និងវះកាត់ បានលើកឡើងថា ការវះកាត់នេះពិតជាប្រថុយណាស់នៅក្នុងតំបន់ព្រៃដាច់ស្រយាលដែលជាបញ្ហាប្រឈមផ្នែកបច្ចេកទេស និងដឹកជញ្ជូន។ ប៉ុន្តែក្រុមការងារសម្ព័ន្ធសត្វព្រៃ និងក្រុមការងារជំរំដំរីព្រៃគូលែន សហការគ្នាជាមួយក្រុមបសុពេទ្យអន្តរជាតិ បានវះយកបំណែកចែ ដែលបាក់ជាប់ក្នុងសាច់ដំរីចេញ ដោយជោគជ័យ។
ក្នុងនាមស្ថាបនិក នៃជំរំដំរីព្រៃគូលែន លោក ពីយ៉ូត ដាវីដហ្សាយ៉ា បង្ហាញថា នេះជាប្រវត្តិសាស្ត្រមួយនៃការ ថែ ទាំសត្វដំរីនៅប្រទេសកម្ពុជា។ លោកមានមោទនភាពខ្លាំងបំផុត ដែលបានធ្វើការជាមួយ ក្រុមសម្ព័ន្ធសត្វព្រៃ និងអ្នកឯកទេសបសុពេទ្យអន្តរជាតិ ដើម្បីជួយសង្គ្រោះសត្វដំរីញីមួយក្បាលនេះ។
គួរបញ្ជាក់ថា ការវះកាត់ និងព្យាបាលដល់ដំរីញី ឈ្មោះ “ជីក្លប់” គឺជាការវះកាត់លើដំបូង ដែលមានការចូលរួមពីក្រុមគ្រូពេទ្យអន្តរជាតិ មានឯកទេសបសុពេទ្យ មកពីប្រទេសអាហ្វ្រិកខាងត្បូង,ឥណ្ឌា,សិង្ហបុរី និងប្រទេសថៃ៕