គ្រឹះស្ថានអប់រំ និងសហគ្រាសជាច្រើន រួមកម្លាំងគ្នា ជំរុញនវានុវត្តន៍ និងការអភិវឌ្ឍមូលដ្ឋាន ក្នុងកម្មវិធីសន្និសីទវិទ្យាសាស្ត្រលើកទី១៥ ស្តីពី «ការផ្សារភ្ជាប់វិស្វកម្ម និងបច្ចេកវិទ្យា ជាមួយឧស្សាហកម្ម ដើម្បីកំណើនប្រកបដោយចីរភាពកម្ពុជា»
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកម្មវិធីសន្និសីទវិទ្យាសាស្ត្រលើកទី១៥ ក្រោមប្រធានបទ«ការផ្សារភ្ជាប់វិស្វកម្ម និងបច្ចេកវិទ្យាជាមួយឧស្សាហកម្ម ដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីនេះ បានរៀបចំរយៈពេលចំនួន២ថ្ងៃ ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ តំណាងវិស័យឯកជនជាតិ អន្តរជាតិ សហគ្រាសនានា និងសិស្សនិស្សិតជាច្រើនរូប។
ថ្លែងក្នុងសន្និសីទវិទ្យាសាស្ត្រលើកទី១៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចពីសារៈសំខាន់នៃប្រធានបទក្នុងឆ្នាំនេះ ដើម្បីពង្រឹងកិច្ចសហការរវាងអ្នកសិក្សា ឧស្សាហកម្ម និងរដ្ឋាភិបាល ដើម្បីជំរុញការស្រាវជ្រាវ និងការបង្កើតថ្មី បំប្លែងចំណេះដឹងទៅជាដំណោះស្រាយជាក់ស្តែង និងបច្ចេកវិទ្យាប្រកួតប្រជែង និងជំរុញប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ដែលគាំទ្រការអភិវឌ្ឍ ប្រកបដោយចីរភាព និងចំណេះដឹង។ ឯកឧត្តម បានមានប្រសាសន៍បន្តថា កម្មវិធីនេះ ជាឱកាសសម្រាប់សមាជិកសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងសិស្សនិស្សិត បង្ហាញពីលទ្ធផលស្រាវជ្រាវ ការច្នៃប្រឌិត ពង្រឹងភាពជាដៃគូ និងបង្កើតបណ្តាញជាមួយឧស្សាហកម្ម និងភាគីពាក់ព័ន្ធពីគ្រប់មជ្ឈដ្ឋាន។
សន្និសីទវិទ្យាសាស្ត្រលើកទី១៥ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ក្នុងគោលបំណង ដើម្បីអបអរសាទរកម្លាំងថាមពលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីជំរុញកម្ពុជាឱ្យរីកចម្រើន និងជាវេទិកាចែករំលែកចំណេះដឹង បទពិសោធ លទ្ធផលស្រាវជ្រាវរវាងគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងប្រទេស និងក្រៅប្រទេស និងវិស័យឯកជននានា និងដើម្បីបង្កើនភាពជាដៃគូក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវរួមគ្នា។
ក្នុងនោះ ក៏មានក្រុមហ៊ុន ឆាយណា រ៉េលវេ អឹបេន ខនស្ត្រាក់សិន គ្រុប សាខាអាស៊ីអាគ្នេយ៍ បានបង្ហាញពីសមិទ្ធផល និងបទពិសោធន៍របស់ក្រុមហ៊ុនក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងស្រុក ព្រមទាំងបង្កើតវេទិកាផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងគ្រឹះស្ថានអប់រំ។ ក្នុងនាម ជាក្រុមហ៊ុនឈានមុខមួយ ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនឆាយណា រ៉េលវេ អឹបេន ខនស្ត្រាក់សិន គ្រុប សាខាអាស៊ីអាគ្នេយ៍ បានចាប់យកឱកាសនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដោយប្រើប្រាស់ស្តង់ដារសំណង់ខ្ពស់ និងបច្ចេកវិទ្យាសំណង់ទំនើប ដើម្បីជួយកម្ពុជាកែលម្អ និងពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។
ក្នុងកម្មវិធីសន្និសីទវិទ្យាសាស្ត្រលើកទី១៥នេះ ក្រុមហ៊ុន បានបង្ហាញសមិទ្ធផលសំណង់ បច្ចេកវិទ្យាវិស្វកម្ម វប្បធម៌សហគ្រាស និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក ដោយឆ្លុះបញ្ចាំងពីការទទួលខុសត្រូវសង្គមរបស់សហគ្រាសរដ្ឋ និងសមត្ថភាពអភិវឌ្ឍន៍នៅក្រៅប្រទេស។
ក្នុងអំឡុងពេលកម្មវិធី លោក ចាង ជិន តំណាងក្រុមហ៊ុន បានធ្វើការផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅជាមួយសាស្ត្រាចារ្យ និស្សិត និងតំណាងសហគ្រាសផ្សេងៗ ដោយបានណែនាំលម្អិតអំពីគម្រោងសំណង់របស់ក្រុមហ៊ុននៅកម្ពុជា ពន្យល់អំពីបច្ចេកវិទ្យាសំណង់ប្រកបដោយនវានុវត្តន៍ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងនៅក្រៅប្រទេស។
ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសំណង់ និងជាប្រធានដេប៉ាតឺម៉ង់ទេពកោសល្យសំណង់ស៊ីវិលនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបច្ចេកទេស និងទស្សនវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងស្រុករបស់ក្រុមហ៊ុន ហើយបានបង្ហាញក្តីរំពឹងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនយូរអង្វែងតទៅដើម្បីរួមគ្នាបង្កើតវេទិកាសហការរវាងសាកលវិទ្យាល័យ និងសហគ្រាស។
ការចូលរួមក្នុងកម្មវិធីក្នុងឱកាសនេះ គឺជាការអនុវត្តជាក់ស្តែងដ៏សំខាន់មួយរបស់ក្រុមហ៊ុន ឆាយណា រ៉េលវេ អឹបេន ខនស្ត្រាក់សិន គ្រុប សាខាអាស៊ីអាគ្នេយ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសកលវិទ្យាល័យ។ នាពេលអនាគត ក្រុមហ៊ុននឹងបន្តពង្រីកការវិនិយោគ និងអភិវឌ្ឍទីផ្សារនៅកម្ពុជា ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវិស្វកម្ម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម បណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុកឱ្យកាន់តែមានគុណភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចីរភាពនៅក្នុងតំបន់៕




