គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក រៀបចំសិក្ខាសាលាស្ដីពី «ការកំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា អគ្គនាយក

រាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្ដីពី «ការកំណត់ទិសដៅយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៦»។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា អគ្គនាយក ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់ និងនាយកសាខាមកពីគ្រប់តំបន់ទូទាំងប្រទេស។

គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិភាក្សា វាយតម្លៃ និងកំណត់នូវផែនការសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗ សំដៅពង្រឹងប្រសិទ្ធភាពការងារ និងពង្រីកសក្តានុពលនៃសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយបរិយាបន្ន។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឧកញ៉ា អគ្គនាយក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការលះបង់យ៉ាងសកម្មរបស់និយោជិតគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលគួរឱ្យមោទនៈក្នុងឆ្នាំ២០២៥ កន្លងទៅ ទោះបីជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួលក៏ដោយ។

ទន្ទឹមនឹងការអបអរសាទរនូវសមិទ្ធផលចាស់ ឧកញ៉ា អគ្គនាយក ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងនិយោជិតទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាព និងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តនូវសូចនាករថ្មីៗ (Key Performance Indicators – KPIs) សម្រាប់ឆ្នាំ២០២៦។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា ការរួមកម្លាំងគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០២៦ គឺជាកត្តាចាំបាច់ដើម្បីរុញច្រានគ្រឹះស្ថានឱ្យឈានទៅរកសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុតសម្រាប់អតិថិជន និងសហគមន៍។

សិក្ខាសាលាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពជឿជាក់ ដែលជានិមិត្តរូបនៃសាមគ្គីភាពផ្ទៃក្នុង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបម្រើសេវាកម្មជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់។