គ្រិស្តបរិស័ទនៅកម្ពុជា រៀបចំពិធីពិធីពិសាអាហារសាមគ្គីថ្ងៃត្រង់ជាមួយថ្នាក់ដឹកនាំគ្រិស្តបរិស័ទនៅកម្ពុជា ជាមួយប្រជាពលរដ្ឋខ្មែរជាគ្រីស្ទបរិស័ទ ជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ

គ្រិស្តបរិស័ទនៅកម្ពុជា រៀបចំពិធីពិធីពិសាអាហារសាមគ្គីថ្ងៃត្រង់ជាមួយថ្នាក់ដឹកនាំគ្រិស្តបរិស័ទនៅកម្ពុជា ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាតំណាងគ្រីស្ទបរិស័ទនៅកម្ពុជា , លោកគ្រូ Franklin Graham និងអនុប្រធាន សមាជិកក្រុមការងារ នៃសមាគមប៊ីលីហ្ក្រាហាំ
ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា
ឯកឧត្តមព្រឹទ្ធបូជាចារ្យ បូជាចារ្យ លោកអភិបាល លោកប្រធាននៃគណៈនិកាយ សមាគម អង្គការ លោកគ្រូ អ្នកគ្រូ គង្វាល ថ្នាក់ដឹកនាំ នៃគ្រីស្ទបរិស័ទ និងប្រជាពលរដ្ឋខ្មែរជាគ្រីស្ទបរិស័ទ ជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។

ឯកឧត្តម សៀ សុភ័ក្រ្ត បានមានប្រសាសន៍ថា គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា និងបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈកម្មវិធីមនុស្សធម៌ជួយសង្គមជាច្រើន ទាំងនៅក្នុងសហគមន៍ មូលដ្ឋាន នឹងក្នុងសង្គមជាតិទាំងមូល។ គ្រីស្ទបរិស័ទ រួមចំណែកក្នុងសង្គមជាតិ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ បង្ហាញសិរីល្អរបស់ព្រះ  បង្ហាញភាពជាក្រុមគ្រួសារដ៏រឹងមាំ គ្រីស្ទបរិស័ទជាកម្លាំងមហាសាមគ្គី យើងជាគ្រួសារតែ១ អ្វីដែលយើងគួរចាប់ផ្តើម គឺឯកភាពគ្នា ចុះសម្រុងនឹងគ្នា ជ្រុំជ្រែងគ្នា ពង្រីកទំនាក់ទំនងគ្នា ពង្រឹងសាមគ្គីភាព ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងលើកទឹកចិត្តនិងយកចិត្តទុកដាក់លើគ្រប់សាសនា ដោយបានផ្តល់អនុសាសន៍ជាបន្តបន្ទាប់ដល់ក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី ចាយ បូរិន បានផ្តល់ភាពកក់ក្តៅនិងសហការយកជិតស្និត ព្រមទាំងបានចាត់ថ្នាក់ដឹកនាំជំនាញនៅក្នុងការងារជាមួយគ្រប់សាសនាទាំងអស់នៅកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជាមានសាសនាធំៗចំនួន៣រួមមាន៖ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ , មានឥស្លាមសាសនា និងគ្រីស្ទសាសនា កំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយគ្នា ក្នុងនោះរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាសនិងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ ពោលផ្តល់សិទ្ធសេរីភាពពេញលេញក្នុងការគោរពជំនឿរៀងៗខ្លួន ដោយត្រូវគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ពិសេសជ្រកក្រោមដំបូលនៃភាពសុខដុមនីយកម្មសាសនានៅកម្ពុជា ។