គោព្រៃជំទង់កម្ពុជា ទទួលបានការលើកទឹកចិត្ត មុនចេញប្រកួតពាន FIFA U-15 World Cup & Festival នៅអាស៊ែបៃហ្សង់
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យុវជនអាយុក្រោម ១៥ឆ្នាំ បានទទួលការឧបត្ថម្ភ និងការលើកទឹកចិត្តពី ក្រុមហ៊ុន ដាយអ៉ីឈិ ឡាយហ្វ៍ មុនចេញទៅប្រកួត ពានរង្វាន់យុវជនកម្រិតពិភពលោកលើកដំបូង FIFA U15 World Cup & Festival 2026 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។
ពិធីប្រគល់ និងទទួលការឧបត្ថម្ភ ក្រុមជម្រើសជាតិយុវជន U15 កម្ពុជា សម្រាប់ការប្រកួតពានរង្វាន់ កម្រិតពិភពលោក និងសម្ភារៈហ្វឹកហាត់ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពីក្រុមហ៊ុន ដាយអ៉ីឈិ ឡាយហ្វ៍ កាលពីថ្ងៃទី១៦ ខែតុលា ដោយមានការចូលរួមពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ និងលោក Mah Kin Yoong អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ដាយអ៉ីឈិ ឡាយហ្វ៍ រួមជាមួយមន្ដ្រីសហព័ន្ធ និងតំណាងក្រុមហ៊ុន ផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោក កែវ សារ៉េត បានបង្ហាញសេចក្ដីសោមនស្សរីករាយ ចំពោះការរួមចំណែកខាងលើ ដែលមិនត្រឹមជាការឧបត្ថម្ភ និងលើកទឹកចិត្តដល់ក្រុមគោព្រៃជំទង់កម្ពុជា តែជាផ្នែកមួយ នៃការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិ ដោយផ្ដើមពីក្រុមថ្នាលយុវជន ហើយលោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះ នឹងក្លាយជាស្ពានតភ្ជាប់ដំណើររួមគ្នាយូអង្វែង ដើម្បីកសាងស្ដង់ដារបាល់ទាត់កម្ពុជាទៅថ្ងៃអនាគត។
លោក កែវ សារ៉េត បានបន្ដថា «ព្រឹត្តិការណ៍នាពេលនេះ គឺជាសក្ខីកម្មប្រវត្តិសាស្ដ្រដែលឆ្លុះបញ្ចាំងនៃជំហានអភិ វឌ្ឍន៍ថ្មីមួយទៀត ដែលជាកិច្ចសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ដាយអ៉ីឈិ ឡាយហ្វ៍ ក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ ជាពិសេសក្នុងការបណ្ដុះបណ្ដាលកីឡាករយុវជនឆ្ពោះទៅរកកម្រិតស្ដង់ដារអន្ដរជាតិ ប្រកប ដោយភាពជឿជាក់ និងនិរន្ដរភាព»។
ជាមួយគ្នា លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានគូសបញ្ជាក់ថា FIFA U15 World Cup & Festival ត្រូវបានរៀបចំឡើងដោយ FIFA ដែលជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏ថ្មីស្រឡាង ដើម្បីផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងអាចចូលរួមប្រកួតនៅលើឆាកអន្តរជាតិ ហើយនេះជាឆ្នាំដំបូងសម្រាប់ការរៀបចំ ដែលកីឡាករវ័យក្មេងកម្ពុជា ត្រូវជួបក្រុមកីឡាករមកពីអង់គ្លេស ម៉ុងតេណេហ្គ្រោ នីការ៉ាហ្គា សាធារណរដ្ឋអៀរឡង់ និងហ្ស៊ីមបាវ៉េ។
ហេតុនេះ លោកពិតជាសប្បាយរីករាយក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់ក្រុមគោព្រៃជំទង់កម្ពុជា ដើម្បីរួមចំណែកបង្កើតឱកាសថ្មីៗសម្រាប់យុវជនជំនាន់ក្រោយតាមរយៈវិស័យកីឡា ពិសេសកីឡាបាល់ទាត់ ដែលជាកីឡាដ៏មានប្រជាប្រិយភាពលើពិភពលោក។
គួរដឹងថា ព្រឹត្តិការណ៍ FIFA U15 World Cup & Festival 2026 គឺមានក្រុមបាល់ទាត់យុវជនមកពី ១៩២ប្រទេសជុំវិញពិភណពលោកចូលរួម ក្នុងនោះក៏មានវត្តមានក្រុមជម្រើសជាតិយុវជន U15 កម្ពុជាផងដែរ ដែលស្ថិតក្នុងពូលC ជាមួយអង់គ្លេស, ម៉ុងតេណេហ្គ្រោ, នីការ៉ាហ្គា, សាធារណរដ្ឋអៀរឡង់ និងហ្ស៊ីមបាវ៉េ ខណៈការប្រកួតដំបូង ក្រុមយុវជនកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U15 ហ្ស៊ីមបាវ៉េ មុនគេ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ៕


