ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុណ បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុង ប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស គ្រឹះស្ថាន សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចបន្តការ សិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុងពេលជាមួយគ្នា ដើម្បីស្វែងរកចំណូល និងចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់ បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ។ ជាងនេះទៅទៀត ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្ស ដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាព ភាពក្រីក្រ និងការធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែក លើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លើសពីនេះទៅទៀត “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស” គឺជាវិធានការបង្រួម វិសមភាពចំណូលមួយប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ដោយត្រូវបានកំណត់ជាកម្មវិធី កាលនយោបាយអាទិភាព១ ក្នុងចំណោម៦ ដែលត្រូវចាប់ផ្តើមអនុវត្តភ្លាមនៅឆ្នាំ២០២៣ សំដៅ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ដោយជំរុញ ឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត និងអាចទទួលបានឱកាសការងារ និង/ឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា ការផ្តល់នូវឱកាសសិក្សាជំនាញ ការបង្កើតក្តីសង្ឃឹម និងការពង្រីកវិសាលភាព TVET ដោយធានានូវទីផ្សារការងារជូនយុវជនកម្ពុជាក្នុងពេលតែមួយនេះ បានកើតចេញពីការប្តេជ្ញាចិត្ត និងការគិតគូរគ្រប់ជ្រុងជ្រោយរបស់ សម្តេចធិបតី ក្នុងនាមជា អ្នកដឹកនាំបន្តវេនរបស់កម្ពុជា ដែលដំណើរវិវត្តវិជ្ជមាន។ ជាងនេះទៅទៀត ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្ស ដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាព ភាពក្រីក្រ និងការធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែក លើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បេកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបាន យល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកប ដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា ទិវាជាតិនេះ ក៏មានការបង្ហាញនូវ ស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារណជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់ និងការចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ជំនាញ និង កម្មវិធី ASEAN Year of Skills 2025 របស់ប្រទេសម៉ាឡេស៊ី និងគ្រឹះស្ថាន TVET មកពី ប្រទេសចិនផងដែរ។

គួរបញ្ចាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា មានបេសកកម្ម ស្នូលក្នុងការរួមគ្នាសម្រេចឱ្យបាននូវអាទិភាពគន្លឹះទី១ “មនុស្ស” និងបញ្ចកោណទី១ “ការអភិវឌ្ឍ មូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា ក្លាយជាកម្លាំងពលកម្មសកម្មគ្រប់កម្រិត និងចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចគ្រប់ៗគ្នាសម្រាប់ជំរុញ ពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្រសួងទាំងពីរក៏បាននិង កំពុងតែ រៀបចំគន្លងអប់រំកម្ពុជាថ្មីដែលរួមមានគន្លងវិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និង គន្លងវិជ្ជាជីវៈ ដែលនឹងអនុញ្ញាតឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់ទី៩ អាចជ្រើសរើសគន្លង អប់រំបច្ចេកទេសនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឬគ្រឹះស្ថានឧត្តមសិក្សាដែលមាន ថ្នាក់មធ្យមសិក្សាបច្ចេកទេស៕