គុណតម្លៃស្នូលនៃស្មារតីអូឡាំពិកត្រូវបានមន្ត្រីជំនាញកីឡា NOCC បញ្ជ្រាបការផ្សព្វផ្សាយដល់សិស្ស នៅខេត្តកំពង់ឆ្នាំង

គុណតម្លៃស្នូលនៃស្មារតីអូឡាំពិកត្រូវបានក្រុមមន្ត្រីជំនាញកីឡានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះទៅបញ្ជ្រាបការផ្សព្វផ្សាយ នៅក្នុងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ជូនដល់សិស្សានុសិស្ស នៅវិទ្យាល័យ ព្រះបាទសុរាម្រឹត ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥។

នេះជាការគូសបញ្ជាក់របស់លោក សោម សុទ្ធរិទ្ធិពង្ស មន្ត្រី NOCC និងជាគ្រូឧទ្ទេសប្រចាំវគ្គ។ លោក សោម សុទ្ធរិទ្ធិពង្ស បានលើកឡើងទៀតថា សិស្សានុសិស្សបានដឹងពីតម្លៃស្នូលនៃចលនាអូឡាំពិក និងអាចអនុវត្តក្នុងការសិក្សាប្រចាំថ្ងៃរបស់ពួកគេ ដោយគុណតម្លៃស្នូលនេះមានដូចជា ឧត្តមភាព មិត្តភាព និងការគោរពៗគ្នាទៅវិញទៅមក ដែលសិស្សានុសិស្សអាចអនុវត្តក្នុងសិក្សា និងជីវិតប្រចាំថ្ងៃបាន។ លោកបន្ថែមថា កំពង់ឆ្នាំង គឺជាខេត្តមួយទៀតហើយនៃយុទ្ធនាការផ្សព្វផ្សាយ និងអប់រំគុណតម្លៃអូឡាំពិក ក្នុងសប្ដាហ៍នេះ បន្ទាប់ពីខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ លោក នង សារុន ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកំពង់ឆ្នាំង បានលើកឡើងដែរថា លោកពិតជារីករាយណាស់ ដែលក្រុមមន្ត្រី NOCC បានរៀបចំវគ្គអប់រំគុណតម្លៃអូឡាំពិកដល់សិស្សានុសិស្សនៅវិទ្យាល័យ ព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង។ វគ្គអប់រំគុណតម្លៃអូឡាំពិកនឹងជួយបំផុសគំនិត និងចំណេះដឹងកីឡាក៏ដូចជាចលនាអូឡាំពិកដល់សិស្សានុសិស្ស ហើយអ្វីជាការរំពឹងទុក ការអប់រំអូឡាំពិកនេះមិនត្រឹមតែបានបញ្ជ្រាបចូលក្នុងបេះដូងរបស់ពួកគាត់ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់នឹងជួយចែករំលែកបន្ត ក្នុងការផ្សព្វផ្សាយដល់មិត្តភក្ដិរបស់ពួកគាត់ជាច្រើនជាបន្តបន្ទាប់ផងដែរ។

បន្ថែមពីលើនេះ លោកប្រធានការិយាល័យកីឡាខេត្តរូបនេះអះអាងថា នេះជាលើកដំបូង ដែលសិស្សានុសិស្សខេត្តរបស់លោកទទួលបានការចែករំលែកចេះដឹងពីចលនាអូឡាំពិក ហើយជឿជាក់យ៉ាងមុតមាំ សិស្សានុសិស្សរបស់លោកនឹងយល់ដឹងបន្ថែមទៀតអំពីគុណតម្លៃនៃការលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ព្រមទាំងបានជួយបណ្តុះស្មារតីលេងកីឡានេះកាន់តែច្រើនទៀតបន្ថែមផងដែរ៕