គិតត្រឹមថ្ងៃសុក្រនេះមានមនុស្ស៤នាក់ស្លាប់ និងជាង១៣០០នាក់ ត្រូវគេជម្លៀសចេញ! បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារ ប្រទេសកូរ៉េខាងត្បូង២ថ្ងៃជាប់ៗគ្នា

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ខ្លាំងរយៈពេល២ថ្ងៃមកនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្សរហូតដល់ទៅ៤នាក់ហើយ និងបង្ខំឱ្យមនុស្សជាង១៣០០នាក់ផ្សេងទៀតត្រូវជម្លៀសចេញផងដែរ។ ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបាននិយាយថាចំនួនមនុស្សស្លាប់រួមមាន៖ មនុស្សម្នាក់ដែលជាប់រថយន្តរបស់គេ រួចត្រូវបានកប់ដោយគំនរដីនិងបេតុងរបើកបន្ទាប់ពីជញ្ជាំងផ្ទុកលើសចំណុះបានបាក់សង្កត់ពីលើរូបគេ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃពុធនេះ នៅទីក្រុង Osan ភាគខាងត្បូងទីក្រុងសេអ៊ូល។ ក្រសួងបាននិយាយទៀតថា ចំណែកមនុស្សបីនាក់ផ្សេងទៀតបានស្លាប់នៅក្នុងតំបន់ភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីអាជ្ញាធរបានរកឃើញពួកគេស្ថិតនៅក្នុងរថយន្តដែលលិចទឹកអូរ និងបន្ទប់ក្រោមដីដែលលិចទឹកជន់ជោរថែមទៀតផង។ មន្ត្រីក្រសួងនេះបាននិយាយបន្តថា៖ ពួកគេកំពុងតែស៊ើបអង្កេតថាតើការស្លាប់របស់មនុស្សទាំង៣នាក់នេះអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដោយផ្ទាល់ឬមូលហេតុយ៉ាងណាឲ្យប្រាកដ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយទៀតថា៖ ភ្លៀងធ្លាក់ខ្លាំងបានបង្ខំឱ្យមនុស្ស ១៣៨២ នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេភ្លាមៗ។ មិនតែប៉ុណ្ណោះជើងហោះហើរក្នុងស្រុកចំនួន៤៦ជើងក៏ត្រូវបានលុបចោលដែរ មិនតែប៉ុណ្ណោះផ្នែកខ្លះនៃខេត្ត Chungcheong ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង បានទទួលរងនូវទឹកភ្លៀងធ្លាក់ក្នុងកម្រិតប្រហែល៤២០មីលីម៉ែត្រ និង បង្ករឲ្យមានបំណាក់ដី។  ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវគេរំពឹងថានឹងបន្តមានបន្ថែមទៀត ដោយវាយប្រហារប្រទេសនេះរហូតដល់ថ្ងៃសៅរ៍។ លើសពីនេះដែរនៅទីក្រុង Seosan ភ្លៀងធ្លាក់ឡើងដល់១១៤.៩មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែមួយម៉ោងពីចន្លោះម៉ោង ១:៤៦ព្រឹកដល់ម៉ោង ២:៤៦ទៀបភ្លឺ ដែលវាជាកំណត់ត្រាទឹកភ្លៀងប្រចាំម៉ោងដែលខ្ពស់បំផុតសម្រាប់ខែកក្កដានេះចាប់តាំងពីធ្លាប់មានភ្លៀងធ្លាក់ខ្លាំងក្នុងឆ្នាំ១៩៦៨ មក៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ