គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុតនៅលើពិភពលោក

ភ្នំពេញ ៖ អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក ស៊ុយ កុកធាន មានប្រសាសន៍ថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនឡើងដល់ជាង ១ លានតោន នៅរយៈពេល ៥ ឆ្នាំខាងមុខ ខណៈផ្ទៃដីដាំដុះបានកើនឡើងជារៀងរាល់ឆ្នាំ។
កម្ពុជាបានក្លាយជាអធិរាជស្វាយចន្ទីរួចទៅហើយខាងគុណភាព ពីព្រោះស្វាយចន្ទីខ្មែរ នៅលើពិភពលោក គ្មានស្វាយចន្ទីណាមានគុណភាពដូចងទេ គ្រាប់ធំ រសជាតិឆ្ងាញ់ ហើយមានសារធាតុចិញ្ចឹមច្រើន។
លោកបានបញ្ជាក់ថា៖ «បរិមាណ ក្នុងការផលិតនៅកម្ពុជាគឺយើងជាប់លេខ២ រួចហើយ បន្ទាប់ពីប្រទេសកូតឌីវ័រ ខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំក្រោយ បើគ្មានអ្វីប្រែប្រួលទេ បរិមាណនៃការផលិតស្វាយចន្ទីកម្ពុជានឹងលើសពី ១ លានតោន អញ្ចឹងវាអាចប្រកួតប្រជែង នឹងអាចក្លាយទៅជាអ្នកដែលឈរលំដាប់លេខ ១ ហើយមានស្ថិរភាពនៅក្នុងពិភពលោក»។ កាលពីឆ្នាំ ២០២១ កម្ពុជាធ្លាប់ជាប្រទេសលេខ១ លើពិភពលោក កម្ពុជាផលិតបានជាង ១ លានតោន ព្រោះដោយសារនៅពេលនោះ អាកាសធាតុល្អ អំណោយផល ធ្វើឱ្យទិន្នផលស្វាយចន្ទីកម្ពុជាកើនឡើង។
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា កម្ពុជានឹងក្លាយជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនៅក្នុងឆ្នាំ ២០៣០។
ឯកឧត្តម តូច ប៊ុនហួរ បានបញ្ជាក់ថា ប្រសិនបើទីផ្សារល្អ មិនមានឧបសគ្គអ្វី មិនយូរទេ យើងអាចឈានទៅរកអធិរាជស្វាយចន្ទីពិតប្រាកដ ដោយសារថា យើងប្រៀបធៀបនឹងប្រទេស ដែលមានដំណាំស្វាយន្ទីច្រើនជាងគេ គឺប្រទេស កូតឌីវ័រ មានដល់ជាង ១ លានហិកតា ហើយបន្ទាប់មកប្រទេសឥណ្ឌា ប៉ុន្តែបើនិយាយពីរសជាតិ និងគ្រាប់ គឺស្វាយចន្ទីយើងល្អលើសគេ ចំណុចនេះហើយដែលយើងអាចក្លាយទៅជាអធិរាជស្វាយចន្ទីបាន។
ប្រទេសផលិតស្វាយចន្ទីខាងក្រោម៖
១. ប្រទេសកូឌីវ័រ (Côte d’Ivoire) ប្រមូលផល ពីខែមករា ដល់ មិថុនា (ផលជាមធ្យម ១.១០ លានតោនក្នុងមួយឆ្នាំ)
២. នីហ្សេរីយ៉ា (Nigeria) ប្រមូលផល ពីខែកុម្ភៈ ដល់ ឧសភា (ផលជាមធ្យម ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ)
៣. បឺនីន (Benin) ប្រមូលផល ពីខែកុម្ភៈ ដល់ មេសា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)
៤. បួរគីណាហ្វាសូ (Burkina Faso) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៥. គីណេប៊ីសូ (Guinea-Bissau & Guinea) ប្រមូលផល ពីខែឧសភា ដល់ សីហា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៦. តាន់ហ្សានី (Tanzania) អាហ្វ្រិកខាងកើត ប្រមូលផល ពីខែតុលា ដល់ មករា (ផលជាមធ្យម ៤០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៧. ឥណ្ឌូនេស៊ី (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែតុលា ដល់ មករា (ផលជាមធ្យម ២០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៨. កម្ពុជា (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែកុម្ភៈ ដល់ មិថុនា (ផលជាមធ្យម ៨០ ម៉ឺនតោនក្នុងមួយឆ្នាំ)។
៩. វៀតណាម (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ៣០ ម៉ឺនតោនក្នុងមួយឆ្នាំ)
១០. ថៃ និង ឡាវ (អាស៊ីអាគ្នេយ៍) ប្រមូលផល ពីខែមិនា ដល់ ឧសភា (ផលជាមធ្យម ១០ ម៉ឺនតោនក្នុងមួយឆ្នាំ)
១១. ឥណ្ឌា (អាស៊ីខាងត្បូង) ប្រមូលផល ពីខែកុម្ភៈ ដល់ ឧសភា (ផលជាមធ្យម ៧០ ម៉ឺនតោនក្នុងមួយឆ្នាំ)៕