គម្រោង ASEAN-SME ត្រូវបានបញ្ចប់ដោយបង្កើតបានថ្នាលឌីជីថល និងការតភ្ជាប់សហគ្រាសក្នុងតំបន់
— ————– —– —
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) បានសហការរៀបចំពិធីបិទបញ្ចប់គម្រោង “ពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន” ដោយបង្ហាញសមិទ្ធផល និងតួនាទីគម្រោងក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងតំបន់ តាមរយៈថ្នាលឌីជីថល និងកិច្ចសហការឆ្លងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “គម្រោងពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាននេះ ជាគំនិតផ្តួចផ្តើមដែលមានសារៈប្រយោជន៍ គាំទ្រដល់ការផ្សារភ្ជាប់បណ្តាសហគ្រាសធុនតូច និងមធ្យម ឱ្យទទួលបានសេវាគាំទ្រ ការផ្តល់ព័ត៌មានអាជីវកម្ម ការប្រឹក្សាយោបល់ ការផ្គូផ្គងអាជីវកម្មតាមថ្នាលព័ត៌មានថ្នាក់តំបន់ ASEAN ACCESS និងថ្នាលព័ត៌មានជាតិ KhmerSME។”
ឯកឧត្តម បានបន្ថែមថា ថ្នាលឌីជីថលទាំងនេះដើរតួជាកាតាលីករជំរុញដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយផ្សារភ្ជាប់សហគ្រាសទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់, លើកទឹកចិត្តការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, លើកកម្ពស់ការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច, និងពង្រីកលទ្ធភាពចូលទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
គម្រោងពង្រឹងរចនាសម្ព័ន្ធតំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងតំបន់អាស៊ាន ត្រូវបានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១៩ ក្រោមការគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់។ ក្រៅពីការផ្តល់ព័ត៌មានលើថ្នាលឌីជីថល គម្រោងបានអនុវត្តសកម្មភាពផ្សព្វផ្សាយដល់សហគ្រាសធុនតូច និងមធ្យមចំនួន ១.២២៨ នៅក្នុង ៨ រាជធានី-ខេត្តនៅទូទាំងប្រទេស។
លោកបណ្ឌិត Matthias Bickel នាយកអង្គការ GIZ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ “ក្រុមការងារគម្រោងបានខិតខំប្រឹងប្រែង ដើម្បីរួមចំណែកពង្រឹងសក្តានុពលសហគ្រាសធុនតូច និងមធ្យម ដែលជាបេះដូងនៃសេដ្ឋកិច្ចរបស់អាស៊ាន តាមរយៈការពង្រីកលទ្ធភាពឈានចូលទីផ្សារ ការចូលរួមសកម្មភាពអន្តរជាតិ ការរៀបចំគោលនយោបាយ និងការបង្កើតបរិយាកាសគតិយុត្តដែលធ្វើឱ្យសហគ្រាសកាន់តែមានភាពធន់។”
លោកបានបន្ថែមថា៖ “ពិធីនេះជាភស្តុតាងបង្ហាញសមិទ្ធផលនៃភាពជាដៃគូរបស់យើង និងជាការអបអរនូវអ្វីដែលយើងសម្រេចបានរួមគ្នា។ បទពិសោធដ៏មានតម្លៃពីការអនុវត្តគម្រោងនឹងបន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។”
ភាគីអាល្លឺម៉ង់បានបង្ហាញការប្តេជ្ញាចិត្តបន្តគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជាតាមរយៈកិច្ចសហការទ្វេភាគី និងកម្មវិធីតំបន់នានារបស់ខ្លួន៕