គម្រោងអភិវឌ្ឍន៍ «វិថីសូត្រនៃអនាគតភ្លឺស្វាង និងថ្លៃថ្លា» របស់ក្រុមហ៊ុន ហ៊រ ទាន ព្រះសីហនុ បានជ្រើសរើសយកសាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី ជាគោលដៅនៃការអភិវឌ្ឍន៍ក្នុងរយៈពេល ៥ឆ្នាំ (២០២៥-២០២៩)

ក្រុមហ៊ុនឆាយណាហ៊រទានព្រះសីហនុនៃប្រទេសកម្ពុជា (ហៅកាត់ថា “ក្រុមហ៊ុនហ៊រទានព្រះសីហនុ”) បានរៀបចំពិធីចាប់ផ្តើមគម្រោងជំនួយសិក្សាដ៏យូរអង្វែង “វិថីសូត្រនៃអនាគតដ៏ភ្លឺស្វាង និងថ្លៃថ្លា” សម្រាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី ឋិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក Xiang Guanqing អគ្គនាយករងនៃក្រុមហ៊ុនហ៊រទានព្រះសីហនុ បានមានប្រសាសន៍ថា៖ “យើងមិនគ្រាន់តែជាអ្នកកសាងថាមពលប៉ុណ្ណោះទេ យើងក៏ចង់ក្លាយជាអ្នកដំណើរជាមួយសហគមន៍ និងជាអ្នកការពារក្តីសុបិន្តផងដែរ។ “វិថីសូត្រនៃអនាគតដ៏ភ្លឺស្វាង និងថ្លៃថ្លា” មិនត្រឹមតែបញ្ជូនចរន្តអគ្គិសនីប៉ុណ្ណោះទេ តែក៏បញ្ជូនកម្លាំងនៃចំណេះដឹង និងក្តីសង្ឃឹមនៃការរីកចម្រើនផងដែរ!”
គម្រោងអភិវឌ្ឍន៍ «វិថីសូត្រនៃអនាគតភ្លឺស្វាង និងថ្លៃថ្លា» របស់ក្រុមហ៊ុន ហ៊រ ទាន ព្រះសីហនុ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនឆាយណាហ៊រទាន ក្នុងការអនុវត្តទំនួលខុសត្រូវសង្គម និងការភ្ជាប់ទំនាក់ទំនងក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់មួយ ផ្លូវមួយ”។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទឹងហាវ មានប្រសាសន៍ថា សកម្មភាពក្នុងឱកាសនេះ គឺជាការបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍វិស័យអប់រំ តាមរយៈកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ហ័រ ទាន ព្រះសីហនុ នាពេលកន្លងមក និងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងអភិវឌ្ឍន៍ «វិថីសូត្រនៃអនាគតភ្លឺស្វាង និងថ្លៃថ្លា» ដ៏យូរអង្វែង របស់ក្រុមហ៊ុន ហ៊រ ទាន ព្រះសីហនុ។
នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីគម្រោងអភិវឌ្ឍន៍ «វិថីសូត្រនៃអនាគតភ្លឺ ស្វាងនិងថ្លៃថ្លា» ដ៏យូរអង្វែងរបស់ក្រុមហ៊ុន ហ៊រ ទាន ព្រះសីហនុ ជាមួយរដ្ឋបាលស្រុកស្ទឹងហាវ គឺមានរយៈពេល ៥ឆ្នាំ (២០២៥-២០២៩) ដោយបានជ្រើសរើសយកសាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី ជាគោលដៅនៃការអភិវឌ្ឍន៍។
កិច្ចសហប្រតិបត្តិការនេះ និងកិច្ចសហប្រតិបត្តិផ្សេងៗទៀត គឺបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងដ៏ជិតស្និទរវាងកម្ពុជា និងចិន ជាមិត្តដ៏ល្អ និងមិត្តដែកថែប ហើយតាមរយៈជំនួយឥតសំណងរយៈពេលប្រាំឆ្នាំនេះ នឹងជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសបង្រៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មីឱ្យកាន់តែប្រសើរឡើង ពង្រឹងគុណភាពអប់រំ ជំរុញកិច្ចសហប្រតិបត្តិការចិន-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងបង្កើតជាគំរូសម្រាប់សហគ្រាសចិននៅបរទេសក្នុងការបំពេញកាតព្វកិច្ចសង្គម។
ក្នុងឱកាសនោះ ក្រុមហ៊ុនហ៊រទានព្រះសីហនុ បានឧបត្ថម្ភម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង និងម៉ាស៊ីនបញ្ចាំងចំនួន១គ្រឿង (ដែលឧបត្ថម្ភដោយការរួមចំណែកថវិកាផ្ទាល់ខ្លួនពីនិយោជិកក្រុមហ៊ុនហ៊រទានប្រមាណ១២៤នាក់) ជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យទំនប់រលកថ្មី និងចែកជូនអំណោយជូនជាសម្ភារៈសិក្សា និងឯកសណ្ឋានសាលាដល់សិស្សក្រីក្រចំនួន៤០នាក់។
គណៈប្រតិភូ បានទស្សនាដោយផ្ទាល់នូវកំពង់ផែធ្យូងថ្ម មជ្ឈមណ្ឌលត្រួតពិនិត្យរួម (មជ្ឈបណ្ឌលបញ្ជា) បន្ទប់ម៉ាស៊ីនចំហាយ និងតំបន់ផលិតកម្មផ្សេងទៀត និងនៅតំបន់ជីវភាពរស់នៅរបស់បុគ្គលិក ដែលបានទទួលបទពិសោធន៍នៃអាហារដ្ឋាន និងបរិក្ខារកីឡាដោយផ្ទាល់ ដើម្បីយល់ដឹងពីគោលការណ៍គ្រប់គ្រងរបស់ឆាយណាហ៊រទាន ដូចជា “កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ” “ប្រតិបត្តិការតាមតំបន់” និង “ការថែរក្សាបុគ្គលិក”៕