គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតនៅស្រុកព្រៃនប់នឹងផ្តល់ឱកាសការងារសរុបប្រមាណ៧.០០០កន្លែង

គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតនៅស្រុកព្រៃនប់នឹងផ្តល់ឱកាសការងារសរុបប្រមាណ៧.០០០កន្លែង

————————————————

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានស្នើឱ្យអង្គប្រជុំទាំងមូលបានការចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានាដែលចាំបាច់ត្រូវដាក់ចេញដើម្បីកាត់បន្ថយផលវិបាកដែលជៀសមិនផុត។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសISI នៅលើផ្ទៃដីសរុបប្រមាណ២០៦ហិកតា។ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ៥០.៥០០.០០០ដុល្លារអាមេរិក ដែលត្រូវបានរំពឹងថានឹងផ្តល់ឱកាសការងាររហូតដល់៧.០០០កន្លែងបន្ថែមទៀត។