គម្រោងមូសេហ្វូត្រូវបានបិទបញ្ចប់ ខណៈ១១ឆ្នាំ បានជួយលើកកម្ពស់វិស័យសុខភិបាល និងកសិកម្មនៅកម្ពុជា
គម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា “MUSEFO” ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ត្រូវបានបិទបញ្ចប់ហើយនៅឆ្នាំ២០២៦នេះ បន្ទាប់ពីបានចាប់ផ្ដើមអនុវត្តន៍កាលពីឆ្នាំ២០១៥ ដោយគម្រោងនេះ គឺពិតជាបានចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងកសិកម្មនៅកម្ពុជា ជាពិសេសនៅក្នុងទីជនបទ ។
ក្នុងនោះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើកឡើងថា គម្រោង MUSEFO គឺបានផ្លាស់ប្ដូរឥរិយាបទបុគ្គល និងសង្គម តាមរយៈការជួយរៀបចំផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ និងទិវាអាហារូបត្ថម្ភថ្នាក់ក្រោមជាតិ ការជួយឲ្យប្រជាពលរដ្ឋចេះបង្កើតឲ្យមានក្រុមសន្សំ សួនបន្លែតាមផ្ទះ និងការបង្កើតមុខរបរនៅតាមសហគមន៍ជាដើម ។ ទោះបីគម្រោងនេះ ត្រូវបានបិទបញ្ចប់ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងមរតករបស់គម្រោង នឹងនៅជាមួយពលរដ្ឋកម្ពុជាជានិច្ច ។ លោក Farid Selmi តំណាងស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ នៃសមិទ្ធផលសម្រេចបានពីគម្រោង MUSEFO ក្នុងរយៈពេលជាងមួយទសវត្សនេះ ជាមួយនឹងការអះអាងថា បន្ទាប់ពីគម្រោងនេះបានបិទបញ្ចប់ ហើយគម្រោងថ្មី នឹងចូលមកដល់នាពេលខាងមុខ ដើម្បីចូលរួមអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ។
ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង MUSEFO នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា ក្នុងរយៈពេល១១ឆ្នាំមកនេះ គម្រោង MUSEFO បានចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវស្ថានភាពស្បៀង និងអាហារូបត្ថម្ភ របស់ជនក្រីក្រ និងជនងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រីក្នុងវ័យបន្តពូជ នៅក្នុងខេត្តកំពត និងខេត្តកំពង់ធំ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា សម្រាប់កម្មវិធីដែលគម្រោងបានជួយ ទី១. ការផ្ដល់សេវាលើកកម្ពស់សុខភាព និងសេវាអាហារូបត្ថម្ភ, ទី២. ការធ្វើកសិកម្មដោយគិតគូរដល់អាហារូបត្ថម្ភ ដោយការបង្កើនផលិតកម្មកសិកម្មចម្រុះមុខ ដំណាំសម្រាប់បរិភោគក្នុងគ្រួសារផង និងលក់នៅលើទីផ្សារផង, ទី៣. ការផ្ដល់ចំណេះដឹង និងធ្វើសកម្មភាព ដើម្បីផ្លាស់ប្ដូរឥរិយាបទបុគ្គល និងសង្គម និងទី៤. អភិបាលកិច្ចលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយពង្រឹងប្រព័ន្ធស្បៀង ដើម្បីឲ្យពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជំរុញកំណើនសេដ្ឋកិច្ចនៅជនបទ រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសធ្វើឲ្យកាន់តែប្រសើរឡើង នូវស្ថានភាពអាហារូបត្ថម្ភនៅក្នុងឱកាសមាស ១ ០០០ថ្ងៃដំបូងនៃជីវិត តាមរយៈការធ្វើសកម្មភាពឆ្លើយតបទៅនឹងបញ្ហាអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ រួមមាន បញ្ហាកង្វះអាហារូបត្ថម្ភ, បញ្ហាកង្វះមីក្រូសារជាតិ, និងបញ្ហាលើសទម្ងន់ ធាត់ ធាតុជ្រុល (លើសអាហារូបត្ថម្ភ) ។



