គម្រោងកិច្ចអន្តរាគមន៍ស្នូលក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ កំពុងបន្តអនុវត្តនៅស្រុកមុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តកម្មវិធីចែកសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅ ដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង ចំនួន ១២០នាក់ បន្ថែមទៀត នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

កម្មវិធីនេះ មានអាជ្ញាធរដែនដីថ្នាក់ខេត្ត ស្រុក ឃុំ  ក្រុមការងារទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ-ក្បឿង  អង្គការដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្ម អាណាព្យាបាល និងកុមារា កុមារី សរុបប្រមាណ ៣០០នាក់ បានចូលរួមក្នុងពិធីដែលរៀបចំធ្វើឡើងនៅសាលាបឋមសិក្សាឈើទាល ស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ បានលើកឡើងថា “ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាចំណុចអាទិភាពរបស់កម្ពុជានិងសកលលោក ដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នាចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនៅចំណុចមួយចំនួនដូចខាងក្រោម៖

-ពង្រីកឱកាសការងារ និងពង្រឹងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស TVET 1.5M

– ជំរុញការសហការជាមួយអាជ្ញាធរ ភូមិឃុំ ដើម្បីកំណត់ភូមិ/ឃុំគំរូណាមួយដែលគ្មានពលកម្មកុមារ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិនិងក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាពលកម្មកុមារ នៅក្នុងវិស័យអាទិភាពថ្មីៗ

– ជំរុញវិធានការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកន្លែងការងារ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីធានាថានៅគ្រប់ខ្សែច្រវាក់ផលិតកម្មគ្មានប្រើប្រាស់ពលកម្មកុមារ

-រួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងរាយការណ៍រហ័សករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារតាមរយៈប្រព័ន្ធ Hotline ១២៨៦ និងប្រអប់បណ្ដឹងអនាមិករបស់ក្រសួងការងារ។

សូមបញ្ជាក់ថា ក្នុងចំណោមកុមារដែលទទួលកញ្ចប់អំណោយបំណិនជីវិតទាំង ១២០នាក់ ក្នុងនោះមាន កុមារទប់ស្កាត់ និងការពារ ចំនួន ៥០នាក់ (ស្រី ២០នាក់) និងកុមារបន្តការគាំពារ អាយុក្រោម ១៥ឆ្នាំ ចំនួន ៧០នាក់ (ស្រី ៣៦នាក់)៕