គណៈឱសថការីខេត្តកណ្តាល លើកកម្ពស់ការយល់ដឹងដល់សមាជិកឱសថការី ធានាការប្រកបវិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិ

គណៈឱសថការីខេត្តកណ្តាល ផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រមសីល- ធម៌ឱសថការី ដល់សមាជិក-សមាជិកឱសថការី ដើម្បីទទួលបានចំណេះដឹង និងការស្វែងអំពីច្បាប់ ធានាការប្រកបវិជ្ជាជីវៈសុខាភិបាល មានគុណវុឌ្ឍិ សមត្ថភាព និងកាយសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។

ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ លើក ឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រម សីលធម៌ឱសថការី នៅខេត្តកណ្តាល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្ដីពីក្រមសីលធម៌ឱសថការី ពិតជាមានសារៈសំខាន់ណាស់ ដើម្បី បង្កើននូវចំណេះដឹង និងសមត្ថភាពរបស់ខ្លួន នៅក្នុងការគ្រប់គ្រង និងប្រកបរបរវិជ្ជាជីវៈក្នុងវិស័យឱសថសាស្រ្ត  អមវិជ្ជសាស្រ្ត ក្នុង ដែនកំណត់នៃឱសថការី។

ឯកឧត្តមឱសថការី លើកឡើងបន្តថា  កន្លងមកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លោកបានជំរុញឱ្យគណៈវិជ្ជាជីវៈទាំង៥ បន្តផ្សព្វផ្សាយដល់សមាជិក-សមាជិកា ត្រូវតែគោរពក្រមសីលធម៌ និងច្បាប់ ដោយសារកន្លងមកអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិ បាល ភាគច្រើនគឺមិនបានយល់ច្បាប់ ទើបតម្រូវឱ្យអ្នកប្រកបវិជ្ជាជីវៈ ត្រូវតែចូលរួមក្នុងវគ្គបណ្តុះបណ្តាល ទើបទទួលបានអាជ្ញាបណ្ណ ទាំងការស្នើសុំដំបូង និងអ្នកស្នើសុំបន្តអាជ្ញាបណ្ណជាដើម។

ឯកឧត្តមឱសថបណ្ឌិត ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តាំផ្ញើរដល់សមាជិកសមាជិកាឱសថការីខេត្ត កណ្តាលទាំងអស់ ដែលប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ បទដ្ឋានវិជ្ជាជីៈ និងនិយាមវិជ្ជាជីវៈរបស់ខ្លួន ឱ្យបានល្អប្រសើរ ស្របតាមការយកចិត្តទុកដាក់របស់ក្រសួង ដែលបាននិងកំពុងជំរុញលើកកម្ពស់នៅក្នុងវិស័យសុខាភិបាលនេះ។

ជុំវិញការប្រកបរបរវិជ្ជាជីវៈនេះដែរ, លោក កូ តាត ប្រធានគណៈឱសថការីខេត្តកណ្តាល លើកឡើងឱ្យដឹងថា ក្រុមប្រឹក្សា គណៈឱសថការីខេត្តកណ្តាលអាណត្តិទី៣ មានសមាជិកពេញសិទ្ធិចំនួន ៥ រូប និងសមាជិកជំនួសចំនួន ៥ រូប។ ចំណែកអ្នកប្រកប វិជ្ជាជីវៈ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ខេត្តកណ្តាលមានឱសថស្ថានចំនួន ២៣៦, ឱសថស្ថានរង (ក) ចំនួន ២៤, ឱសថស្ថានរង (ខ) ចំនួន ១៥ រូប។ សមាជិកគណៈឱសថការីខេត្តកណ្តាល មានចំនួនសរុប ៣២១ រូប ស្រីចំនួន ២៤៦ រូប ប្រុស ៧៥ រូប ក្នុងនោះឱសថបណ្ឌិតចំនួន ៣ រូប, ឱសថការីឧត្តម ២៨៨ រូប, ឱសថការីមធ្យមចំនួន ៣០ រូប និងបានចេញអាជ្ញាបណ្ណឱសថការី ដំបូង ជូនសមាជិកចំនួន ៣០៨ រូប, បន្តអាជ្ញាបណ្ណលើកទី១ ជូនសមាជិកចំនួន ២៥៤ រូប និងបន្តលើកទី២ ជូនសមាជិកចំនួន ១៤៦ រូប៕