គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចរដ្ឋសភា ធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសហុងគ្រី ដោយសុវត្ថិភាព
ក្រោយពីការធ្វើដំណើរប្រមាណជា២៤ម៉ោង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៦:៤៥នាទី ម៉ោងនៅក្នុងប្រទេសហុងគ្រី ដែលត្រូវម៉ោង២១:៤៥នាទី ម៉ោងនៅប្រទេសកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ ទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព រយៈពេល៤ថ្ងៃ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភានៃប្រទេសហុងគ្រី។
នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងប៊ុយដាប៉ែស គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម Krisztián KOVÁCS ប្រធានគណៈ កម្មការទំនាក់ទំនងបរទេសនៃរដ្ឋសភាហុងគ្រី ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសហុងគ្រី និងសហការី។
ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភានៅក្នុងឱកាសនេះ នឹងចូលរួមចំណែកដ៏សំខាន់ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ស្របពេលឆ្នាំ២០២៦ខាងមុខនេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងផ្លូវការប្រទេសទាំងពីរ។
អំឡុងពេលដំណើរទស្សនកិច្ចបួនថ្ងៃនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបសម្តែងការគួរសម ជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី និងថ្នាក់ដឹកនាំដទៃទៀត។ សម្តេចប្រធានរដ្ឋសភា នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាប្រទេសហុងគ្រី។
ថ្នាក់ដឹកនាំរដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរនឹងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់រវាងរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា កម្ពុជា-ហុងគ្រី ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត នៅគ្រប់កម្រិតក្នុងការនាំមកនូវ ផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង។
ក្រៅពីនេះរដ្ឋសភាប្រទេសហុងគ្រី នឹងរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្ត ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ នៅក្នុងទីក្រុងប៊ុយដា
ប៉ែស ក្នុងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ក៏ដូចជា វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម៕



