គណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តកាម៉ាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈ ប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ច និងសួរសុខទុក្ខ ព្រមទាំងជូនពរដល់គណៈ កម្មាធិការប្រជាជនខេត្តកាម៉ាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមនាពេលខាងមុខ។
ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងជំនួបដ៏ស្និទ្ធស្នាលនេះលោក ឯម ភាព បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការជួបជុំរវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ។ លោកបានបញ្ជាក់ថា ការសួរសុខទុក្ខនេះគឺជាកាយវិការដ៏ប្រពៃ និងជាទំនៀមទម្លាប់ល្អផូរផង់ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងការជួយគ្នាទៅវិញ ទៅមកតាំងពីយូរយារណាស់មកហើយ។
លោកអភិបាលរងខេត្ត ក៏បានពាំនាំនូវប្រសិទ្ធពរជ័យ សិរីមង្គល ជូនដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ កម្មាភិបាល និងប្រជាជនខេត្តកាម៉ាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៦) ព្រមទាំងបានស្នើសុំឱ្យទំនាក់ទំនងរវាងខេត្តទាំងពីរ កាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅបន្ថែមទៀត។
លោក ហ្វិញ ជីង្ងៀន អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្តកាម៉ាវ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈ ប្រតិភូខេត្តព្រះសីហនុ។ នាឱកាសនោះ លោកក៏បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ និងការវិវឌ្ឍចុងក្រោយរបស់ខេត្តកាម៉ា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដែលខេត្តសម្រេចបាន និង ការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហការដើម្បីផលប្រយោជន៍រួម។
លោកអនុប្រធានគណៈកម្មាធិការប្រជាជន ក៏បានជូនពរគណៈប្រតិភូខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យក្នុងការដឹកនាំកសាងខេត្តព្រះសីហនុ ឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនឡើង។
ជាទីបញ្ចប់នៃជំនួប ភាគីទាំងពីរបានផ្តល់ជូននូវកាដូអនុស្សាវរីយ៍ទៅវិញទៅមក និងបានរៀបចំពិធីពិសាអាហារសាមគ្គីក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដើម្បីជានិមិត្តរូបនៃចំណងសម្ព័ន្ធមេត្រីភាពយូរអង្វែងរវាងខេត្តទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ។
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី



