គណៈប្រតិភូខេត្តព្រះសីហនុ ចូលរួមពិធី សម្ពោធបើកជាផ្លូវការនៃពិព័រណ៍ចិន–អាស៊ាន លើកទី២២ (22nd China-ASEAN Expo) នៅទីក្រុងណាននីន សាធារណរដ្ឋប្រជាមានិតចិន

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តចូលរួមក្នុងពិធីសម្ពោធបើកជាផ្លូវការនៃពិព័រណ៍ចិន–អាស៊ាន លើកទី២២ (22nd China-ASEAN Expo) នៅទីក្រុងណាននីន សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការចូលរួមក្នុងកម្មវិធីដ៏សំខាន់នេះ មានគោលបំណងក្នុងការលើកកម្ពស់សក្តានុពល និងអត្តសញ្ញាណរបស់ខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ការទេសចរ និងវិនិយោគ ដើម្បីបង្កើនឱកាសសហប្រតិបត្តិការជាមួយដៃគូអាស៊ាន និងចិន។
ពិព័រណ៍ CAEXPO គឺជាវេទិកាអន្តរជាតិដ៏សំខាន់ សម្រាប់ពង្រឹងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា–ចិន និងបណ្តាប្រទេសអាស៊ាន។

ឆ្នាំ២០២៥នេះ ក្រសួងពាណិជ្ជកម្មក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តព្រះសីហនុ ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។