គណៈប្រតិភូខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចស្វែងយល់អំពីការប្រើ ប្រាស់ឧបករណ៍ទំនើបៗ ឆ្លើយតបនឹងការប្រយុទ្ធ ប្រតិបត្តិការជួយ សង្គ្រោះទាំងនៅលើគោក និងក្នុងទឹក នៅទីក្រុងអ៊ូស៊ី

ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ធ្វើទស្សន កិច្ចនៅប៉ុស្តិ៍ប៉ូលីស ស៊ីនអ៊ូ ផ្លូវធានសាន ក្នុងស្រុកស៊ីងសាន ក្រុងអ៊ូស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ដំណើរទស្សនកិច្ចនេះផ្តោតលើការស្វែង យល់អំពីការប្រើប្រាស់ឧបករណ៍ទំនើបៗ និងយុទ្ធសាស្ត្រដែលប្រើក្នុងស្ថានភាពផ្សេងៗ រួមទាំងការឆ្លើយតបការប្រយុទ្ធ ប្រតិបត្តិការជួយ សង្គ្រោះទាំងនៅលើគោក និងក្នុងទឹក និងការគ្រប់គ្រងសុវត្ថិភាព សន្តិសុខសាធារណៈ រួមទាំងការដោះស្រាយវិវាទផ្សេងៗផងដែរ។
ទន្ទឹមនឹងនេះ គណៈប្រតិភូទាំងអស់មានការចាប់អារម្មណ៍ជាពិសេសចំពោះការប្រើប្រាស់បច្ចេកវិទ្យា Drone ដោយស្វ័យប្រវត្តិ ដើម្បីតាមដានស្ថានភាពចរាចរណ៍ និងបទល្មើសផ្សេងៗនៅតាមដងផ្លូវ និងអាគារ។ មន្ត្រីប៉ូលីសបានបង្ហាញពីរបៀបដែលDrone ត្រូវបានដាក់ពង្រាយតាមដងផ្លូវ ដែលមានការកកស្ទះចរាចរណ៍ ទីតាំងគ្រោះថ្នាក់ ទីតាំងដែលមានវិវាទ ឬមានជម្លោះ និងរបៀបដែលពួកគេអាចទាក់ទងជាមួយសាធារណជនដោយផ្ទាល់តាមរយៈការផ្សាយផ្ទាល់ពីយន្តហោះគ្មានមនុស្សបើក (Drone)។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោត សរសើរ និងអរគុណចំពោះការចែករំលែកចំណេះដឹង ដោយកត់សម្គាល់ពីសក្តានុពលរបស់ឧបករណ៍ទំនើបៗ និង យុទ្ធសាស្ត្រដែលប្រើដោយប៉ូលីសក្នុងតំបន់អ៊ូស៊ី ជាពិសេសបច្ចេកវិទ្យា Drone ចំពោះការកែលម្អសុវត្ថិភាពសាធារណៈ សន្តិសុខសង្គម និងប្រព័ន្ធឆ្លើយតបគ្រោះអាសន្នប្រកបដោយភាពវៃឆ្លាត និងមាន ប្រសិទ្ធភាពខ្ពស់៕CMD