គណៈប្រតិភូកម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ចិន ឆ្នាំ២០២៥ នៅប្រទេសចិន ដើម្បីជំរុញការអភិវឌ្ឍបៃតង

ទីក្រុងប៊ីហៃ ប្រទេសចិន ៖ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយលោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមក្នុង វេទិកាកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន-ចិន ឆ្នាំ២០២៥ (ASEAN-China Environmental Cooperation Forum 2025) ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៊ីហៃ ប្រទេសចិន។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បង្កើតឱកាសអភិវឌ្ឍន៍បៃតង កសាងមាតុភូមិដ៏រុងរឿង និងស្រស់ស្អាតរួមគ្នា» (Creating Green Development Opportunities, Building a Prosperous and Beautiful Homeland Together) ដោយក្រសួងអេកូឡូស៊ី និងបរិស្ថានប្រទេសចិន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងក្រសួងស្ថាប័នរដ្ឋក្នុងតំបន់អាស៊ាន និងចិន អង្គការអន្តរជាតិ អ្នកជំនាញ និងអ្នកស្រាវជ្រាវ សរុបប្រមាណ ៣០០នាក់។

លោកជំទាវ អឿន បញ្ចនាថ បានចូលរួមថ្លែងសន្ទរកថាបើក និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងការចូលរួមចំណែករបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព តាមរយៈការដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើភាព ស្អាត បៃតង និងចីរភាព ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេស អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានចូលរួមថ្លែងសន្ទរកថាបើកវេទិការងចំនួនពីរ គឺកិច្ចសន្ទនាអាស៊ាន-ចិន ស្តីពីភាពជាដៃគូលើការអភិវឌ្ឍខ្សែសង្វាក់តម្លៃបៃតង និង CAFTA 3.0 និងទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ស្តីពីនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន ដោយលើកឡើងពីអាទិភាពសំខាន់ៗចំនួន ៤ សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ រួមមាន៖ ១. ការលើកកម្ពស់នវានុវត្តន៍តាមរយៈការរៀបចំគោលនយោបាយ និងផែនទីបង្ហាញផ្លូវបៃតងរួមគ្នា។ ២. ការលើកកម្ពស់ភាពជាដៃគូរវាងគ្រឹះស្ថានសិក្សា និងអាជីវកម្មសម្រាប់គម្រោងរួមគ្នា និងដំណោះស្រាយឌីជីថល។ ៣. ការពង្រឹងធនធានមនុស្សតាមរយៈការផ្លាស់ប្តូរវិជ្ជាជីវៈ និងការបណ្តុះបណ្តាល។ និង ៤. កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយបរិយាប័ន្ន បៃតង និងធន់៕