គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ និងត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីឆ្លើយតបក្នុងការសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ជាពិសេស ទប់ស្កាត់ និងបង្ក្រាបបទល្មើស (លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ) ដោយពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ និងត្រៀមទទួល ភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ឈានចូលឆ្នាំ២០២៦ខាងមុខ ព្រមទាំងពង្រឹងការអនុវត្តនូវគោល
នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្លើយតបទៅនឹងការគ្រប់គ្រងបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គម ជាពិសេសធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ បង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធជាមួយនឹងស្ថាប័ននានាក្នុងការរៀបចំកម្លាំងមធ្យោបាយ និងវិធានការសរុប ដើម្បីចូលរួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ភារកិច្ចគ្រប់គ្រងតាមគោលដៅដែលមានលក្ខណ:ស្មុគស្មាញនៅ ក្នុងមូលដ្ឋានរួមទាំងទីតាំងកម្សាន្តសប្បាយមនុស្សពេញវ័យ ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល រោងចក្រ សហគ្រាស ក្រុមហ៊ុន ដោយធ្វើរដ្ឋបាលចំហរត្រួតពិនិត្យបទល្មើសផ្សេងៗតាមការចាំបាច់ ត្រូវរៀបចំផែនការប្រើប្រាស់កម្លាំង មធ្យោបាយ សម្ភារ និងកំណត់ពេលវេលាទីតាំង និងស្ថានភាពជាក់ស្តែង ដើម្បីត្រួតពិនិត្យបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន គ្រឿងស្រវឹង រួមទាំងអាវុធជាតិផ្ទុះ ហើយត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណ:នៅតាមដងផ្លូវ ទីប្រជុំជន ផ្សារ សាលារៀន រមណីយដ្ឋានទេសចរណ៍ និងតំបន់ឆ្នេរ ទប់ស្កាត់ការកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ជាពិសេសច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្មេងទំនើង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ច្បាប់ស្តីពីសំណង់ ច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ ព្រមទាំងច្បាប់ផ្សេងៗ ពាក់ព័ន្ធការពារធនធានធម្មជាតិ និងដីរដ្ឋ ជាដើម៕