គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី៤ និងកិច្ចប្រជុំលើកទី១ របស់ក្រុម ការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន

នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈ កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋ កិច្ចកម្ពុជា-ចិន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយ មានការអញ្ជើញចូលរួម ពីឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ រដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, តំណាងរដ្ឋបាលខេត្តជាំងស៊ូ, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ, ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ និងតំណាងធនាគារនីហរ័ណ និងអាហរ័ណចិន (Exim Bank) ។

សូមរំលឹកផងដែរថា កិច្ចប្រជុំលើកទី៤ នេះ គឺអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ស្តីពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានចុះហត្ថលេខាកាលពីចុង ឆ្នាំ២០១០ ក្នុងគោល បំណងពង្រឹងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិនៃប្រទេសទាំងពីរ និងដើម្បីជំរុញ កិច្ចអភិវឌ្ឍន៍នៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ប្រធានបទសំខាន់នៃកិច្ចប្រជុំលើកទី៤នេះ ទី១-ការបង្កើតគំរូកិច្ចសហ ប្រតិបត្តិការ “2+2+N” មានន័យថា រដ្ឋាភិ បាលនៃប្រទេសទាំងពីរ + អាជ្ញាធរថ្នាក់ ក្រោមជាតិនៃប្រទេសទាំងពីរ + ភាគីពាក់ព័ន្ធ ដូចជាស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នស្រាវជ្រាវជាដើម និងគោលនយោបាយគាំទ្របន្ថែមដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

២.កិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន កិច្ចប្រជុំលើកទី១ របស់ក្រុម ការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ស្តីពីការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ចកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេ ខាកាលពីចុងឆ្នាំ២០២១ ក្នុងគោលបំណងសំខាន់រួមគ្នាលើកកម្ពស់គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥ ក៏ដូចជា រួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងពង្រឹងការវិនិយោគ។ នៅក្នុងកិច្ចប្រជុំលើកទី១នេះ អង្គប្រជុំបានធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ -ការពង្រឹងកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផលិត កម្ម និងការផ្គត់ផ្គង់ -ផលជះនៃការអនុវត្តវិធានការពាក់ព័ន្ធនឹងប្រភពដើមទំនិញ -បញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិនចិន -គំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសក្នុងការ កែច្នៃកសិផលរបស់កម្ពុជា -និងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងចង្កោមឧស្សាហកម្មដោយផ្តោតលើការលើកកម្ពស់ឧស្សាហកម្មប្រតិគមន៍។

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសតាមរបៀបវារៈនីមួយៗនៃកិច្ចប្រជុំទាំងពីរ ហើយរាល់កិច្ចការ និងសំណូមពរត្រូវបានលើកឡើង អង្គប្រជុំបានធ្វើការកត់ត្រា និងទទួលយកមកពិនិត្យពិចារណា ប្រកបដោយស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់។ លទ្ធផលនៃកិច្ចប្រជុំទាំងពីរនេះនឹងមានផលជះវិជ្ជមានលើដំណើរកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល ។