គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាសាច់ប្រាក់ចំនួន ២២១ លានយេន របស់រដ្ឋាភិបាជប៉ុនស្មើរតម្លៃ USD 1.5 លាន ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើក កម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី ១២ កុម្ភៈ ២០២៦រ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកាលពីឆ្នាំ២០២៥នៅអគ្គាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្កហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គ.ជ.គ.ម.ឯកឧត្ដម អឺអិណុ អាហ្សឺហ្ស៉ី (Atsushi UENO) ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យ៉ុងណាន ផាក (Kyungnan PARK) តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP ប្រចាំកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (ដែលស្មីនឹង ១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន នេះដើម្បីឧបត្ថម្ភ “គម្រោង គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា “ ដែលនឹងអនុវត្តដោយ WFP ចាប់ពីខែកុម្ភៈ ២០២៦ ដល់ខែកុម្ភៈ ២០២៧។
គូសបញ្ជាក់ថាគម្រោងនេះនឹងគាំទ្រការស្តារជីវភាពនិងអាហារូបត្ថម្ភឡើងវិញនៅខេត្តព្រះវិហារ និង ខេត្តឧត្ដរមានជ័យ ដែលសហគមន៍ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង បន្តប្រឈមមុខនឹងផលលំបាកផ្សេងៗដែលបង្កដោយការខូចខាតប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ ការបាត់បង់ មុខរបរចិញ្ចឹមជីវិត និងអសន្តិសុខស្បៀង បន្ទាប់ពី វិវាទនៅខែកក្កដា និងធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
រំលេចថាកាលដែលស្ថានភាពជម្លោះបានកើនដល់កម្រិតក្តៅបំផុត នៅខែធ្នូ ឆ្នាំ ២០២៥ នោះ ប្រជាជនច្រើនជាង ៦០០,០០០ ត្រូវរត់ភាសសឹក ហើយ កម្មករចំណាកស្រុកប្រមាណ៩០០,០០០ នាក់បានត្រឡប់មកពីប្រទេសថៃវិញ ដែលបានបន្ថែមបន្ទុកទៅលើ សេដ្ឋកិច្ចក្នុងសហគមន៍ និងសេវាសង្គម។
ក្នុងរយៈពេល ១២ ខែ នៃគម្រោងនេះ គ្រួសារប្រមាណ ១,៥០០ ដែលត្រូវជា ចំនួនមនុស្សប្រមាណ ៦,០០០ នាក់ នឹង ទទួលបាន អត្ថប្រយោជន៍ផ្ទាល់ដូចជាអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ដែលបានស្ដារឡើងវិញនឹងអាចជួយបម្រើដល់ មនុស្សរាប់ពាន់នាក់ទៀត ។ ការយកចិត្តទុកដាក់ពិសេសនឹងត្រូវបានផ្តល់ឱ្យគ្រួសារភៀសសឹក កម្មករដែលត្រលប់មកពីប្រទេសថៃវិញ ស្ត្រី កុមារ និងក្រុមមនុស្សដែលមានកង្វះអាហារូបត្ថម្ភ ។
ឯកឧត្តម អឺអិណុ អាហ្សឺហ្ស៉ី បានបញ្ជាក់ម្តងទៀតពីការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះកិច្ចខិតខំស្តារឡើងវិញរបស់កម្ពុជា៖ “តាមរយៈការសហការរបស់យើងជាមួយកម្មវិធីស្បៀង អាហារពិភពលោក (WFP) ខ្ញុំសង្ឃឹមយ៉ាងជ្រាលជ្រៅថាគម្រោងនេះ ដែលបានភ្ជាប់ជំនួយស្បៀងជាមួយនឹងការស្តារជីវភាពឡើងវិញ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ជួយអោយសហគមន៍ដែលរងផលប៉ះពាល់អាចស្តារឡើងវិញនូវជីវភាព និងកិត្តិយស របស់ពួកគាត់ឡើងវិញ។
លោកស្រី យ៉ុងណាន ផាក (Kyungnan PARK) តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP បានលើកឡើងពីសារ:សំខាន់នៃវិធីសាស្ត្រសមាហរណកម្ម របស់គម្រោងនេះថាៈ “គម្រោងនេះដែលមានថវិកាផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន នឹងផ្តោតគោលដៅរួមបញ្ចូលគ្នារវាង ការធានាលើសន្តិសុខស្បៀង ការលើកកម្ពស់អាហារូបត្ថម្ភ ការធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅ និងការស្តារហេត្ថារចនាសម្ព័ន្ធរបស់សហគមន៍ឡើងវិញ ។ ដោយការរួមបញ្ចូលរវាងជំនួយស្បៀងបន្ទាន់ជាមួយនឹងការស្តារសហគមន៍ឡើងវិញ ពួកយើងកំពុងគាំទ្រគ្រួសារដែលរងផលប៉ះពាល់អោយអាចកសាងជីវិតរបស់ពួកគេឡើងវិញ ក្នុងខណៈដែលពួកគាត់កំពុងកសាង មូលដ្ឋានគ្រឹងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍ និង ការកសាង ស្ថិរភាពរយៈពេលវែងនៅតាមតំបន់ព្រំដែនកម្ពុជា។
ឯកឧត្ដម គន់ គីម បានលើកឡើងពីសារ:សំខាន់ នៃការសម្របសម្រួលនិងការត្រៀមខ្លួនជាមុន ៖ “រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជំនួយគាំទ្រដ៏ទាន់ពេលវេលាមួយនេះពីប្រទេសជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក ។ ការពង្រឹងហេត្ថារចនាសម្ព័ន្ធសហគមន៍ និង សមត្ថភាពមូលដ្ឋាគឺចាំបាច់ណាស់សម្រាប់ការស្ដារឡើងវិញនៅថ្ងៃនេះ និងសម្រាប់ជាការត្រៀមទុកជាមុន ប្រឆាំងនឹងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមាននៅពេលអនាគតផងដែរ។តាមរយៈយន្តការជំនួយអាហារសម្រាប់កសាងរចនាសម្ព័ន្ធក្នុងសហគមន៍ឡើងវិញ គម្រោងនេះក៏នឹងអនុញ្ញាតឱ្យគ្រួសារដែលទទួលរងផលប៉ះពាល់ អាចបំពេញតម្រូវការអាហារ និងអាហារូបត្ថម្ភរបស់ពួកគាត់ផង និងអាច ចូលរួមយ៉ាងសកម្មក្នុងការស្ដារឡើងវិញនូវហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធទឹកស្អាតផង ។ អ្នកចូលរួមក្នុងគម្រោងនឹងទទួលបានអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់សម្រាប់ប្រើក្នុងការទិញម្ហូបដែលសម្យូរដោយអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ទីផ្សារក្នុងសហគមន៍ និងពង្រឹងភាពមាំរបស់ក្រុមគ្រួសារពួកគាត់ ។



