ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា (ទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងចុះពិនិត្យ និងសិក្សាស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យទាំង៤ ខាងលើ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានជម្រាបជូនអំពីវឌ្ឍនភាពការងារ សក្តានុពលភូមិសាស្ត្រ ការរីកចម្រើន ក៏ដូចជាបញ្ហាប្រឈមមួយចំនួនក្នុងខេត្ត ដោយបានបង្ហាញទិន្នន័យសំខាន់ៗតាមវិស័យនីមួយៗដូចខាងក្រោម៖
វិស័យសុខាភិបាល៖ * អ្នកជំងឺពិគ្រោះក្រៅសរុប៖ ៥៥,៣៧៣ នាក់ (ស្រី ៣១,១៩១ នាក់) ក្នុងនោះករណីថ្មីមាន ៤២,៤៤៣ នាក់ (ស្រី ២៣,៨៩០ នាក់)។
អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៖ ៦,១៣៧ នាក់។
ករណីវះកាត់សរុប៖ ១,៣៤០ នាក់។
ស្ត្រីសម្រាលកូន៖ ១,៦៨៤ នាក់។
អ្នកជំងឺទទួលបានការព្យាបាលឥតគិតថ្លៃ៖ ៣២,៣៩៧ នាក់។
ការចាក់ថ្នាំបង្ការតេតាណុសដល់ស្ត្រីមានផ្ទៃពោះ៖ ៤,២៤០ នាក់។
វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ មានអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ២,៤៥១ នាក់។
វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ មានសហគ្រាស និងគ្រឹះស្ថានចំនួន ៣,៩៤៣ កន្លែង និងមានកម្មករ-និយោជិតសរុប ១៥៥,១៨៥ នាក់ (ស្រី ៧០,៣៥២ នាក់)។
វិស័យកិច្ចការនារី៖ បានផ្តល់ការពិគ្រោះយោបល់ផ្លូវចិត្ត និងផ្នែកច្បាប់ចំនួន ៩ លើក, ពិគ្រោះករណីហិង្សាក្នុងគ្រួសារចំនួន ៦ ករណី និងករណីរំលោភសេពសន្ថវៈចំនួន ២ ករណី។
បន្ទាប់ពីបានស្តាប់របាយការណ៍ រួចមក លោកជំទាវ ឡោក ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តោតលើមុំអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុច បន្ថែមទៀត។
លោកជំទាវប្រធានគណៈកម្មការ បានសង្កត់ធ្ងន់ថា វិស័យសុខាភិបាល និងវិស័យការងារត្រូវតែបន្តលើកកម្ពស់ តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងពង្រីកប្រព័ន្ធគាំពារសង្គម ដើម្បីធានាបាននូវ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០Check និងឆ្នាំ២០៥០។
លោកជំទាវ ឡោក ខេង ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធបន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនដូចជា៖
១. ការផ្សព្វផ្សាយសុខភាព៖ បង្កើនការផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋអំពីជំងឺមិនឆ្លង និងជំងឺផ្សេងៗ។
២. ប្រព័ន្ធ ប.ស.ស៖ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីទទួលបានសេវាសុខាភិបាលឥតគិតថ្លៃ ជួយសម្រាលបន្ទុកជីវភាព។
៣. ការបណ្តុះបណ្តាលជំនាញ៖ ជម្រុញការផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
ជាទីបញ្ចប់ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់លើការសាងសង់ផ្ទះជូនអតីតយុទ្ធជន ការសម្របសម្រួលពលករវិលត្រឡប់ពីប្រទេសថៃឱ្យមានការងារធ្វើ និងជាពិសេសការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online)។ លោកជំទាវសង្ឃឹមថា បទល្មើស Scams នឹងត្រូវបោសសម្អាតទាំងស្រុងពីទឹកដីខេត្តព្រះសីហនុ ដើម្បីប្រែប្លាយសក្តានុពលផ្នែកដឹកជញ្ជូន ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ឱ្យទៅជាកាលានុវត្តភាពអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គម ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា និងមានជីវភាពកាន់តែប្រសើរឡើង៕
សម្រួលអត្ថបទ: ម៉ារ៉ាឌី





