គណៈកម្មការទី៧ ព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះកិច្ចខិខំប្រឹងប្រែង និងការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពតដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ

ក្នុងគោលបំណងពិភាក្សាការងារ និងស្វែងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈមដែលកំពុងជួបប្រទះ វិធានការដោះស្រាយ និងចក្ខុវិស័យអភិវឌ្ឍន៍ទៅមុខរបស់រដ្ឋបាលខេត្តកំពត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ទទួលបន្ទុកវិស័យ អប់រំយុវជន និងកីឡា ធម្មការ និងសាសនា វប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដែលបានអនុវត្តភារកិច្ចដោយការទទួលខុសត្រូវ និងប្តេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាអនុវត្តន៍តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាបាលបានល្អប្រសើរលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ តាមការចុះសិក្សា និងពិនិត្យជាក់ស្តែងរបស់គណៈកម្មការសង្កេតឃើញថា ក្នុងរយៈពេលដ៏ខ្លីខេត្តកំពតមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទាំងវិស័យអប់រំ វប្បធម៌ សាសនា ពិសេសវិស័យទេសចរណ៍ ដោយនៅក្នុងខេត្តក្តី តាមបណ្តារមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្តីគឺមានការប្រែប្រួលយ៉ាងឆាប់រហ័ស ពិសេសសមិទ្ធិផលទេសចរណ៍ឯកថ្មីៗ ប្លែក និងទាក់ទាញ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាត អនាម័យបរិស្ថានស្អាត ដែលធ្វើឱ្យទេសចរដែលមកលេងកម្សាន្តមិនចេះនឿយណាយចិត្ត។
ឯកឧត្តមប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ក៏បានបន្តថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យដើម្បីជួយជំរុញសេដ្ឋកិច្ចខេត្ត ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំ និងផ្តល់អនុសាសន៍មួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងគុណភាពការងារ កែលម្អប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបន្តជំរុញកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានបង្ហាញពីចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ក្នុងដំណើរការអភិវឌ្ឍខេត្តបន្តទៅមុខទៀតដោយបង្កើតឱ្យមានសមិទ្ធផលទេសចរណ៍ថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មូលដ្ឋានភូមិ ឃុំ ក្រុង-ស្រុក ដើម្បីបង្ករភាពងាយស្រួលដល់ពលរដ្ឋ ពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ទន្ទឹមនឹងនោះដែរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ហើយបន្តលើកកម្ពស់វិស័យអប់រំ ដោយការលើកកម្ពស់គុណភាពបង្រៀន និងសិក្សា ការអភិវឌ្ឍយុវជន និងកីឡា រួមជាមួយការអភិរក្ស និងលើកតម្កើងវប្បធម៌ប្រពៃណី ក៏ដូចជាការជំរុញវិស័យទេសចរណ៍ឱ្យមានកំណើនប្រកបដោយចីរភាពភាព៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


