គណៈកម្មការទី៣ នៃរដ្ឋសភា ជំរុញការអភិវឌ្ឍវិស័យសំខាន់ៗមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈ កម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារ ស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងទិសដៅអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងប្រមូលធាតុចូលសម្រាប់ពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយ និងការងារនីតិបញ្ញត្តិលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការទី៣។

ជាមួយគ្នានេះ អាជ្ញាធរខេត្ត និងមន្ទីរជំនាញបានធ្វើបទបង្ហាញអំពីសមិទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ ឯកឧត្តមប្រធានគណៈកម្មការ បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖
១. វិស័យវិនិយោគ៖ ជំរុញការកែលម្អបរិយាកាសវិនិយោគ បង្កើនភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ និងទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនកាន់តែច្រើន ស្របតាមសក្តានុពលរបស់ខេត្ត ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចនៅមូលដ្ឋាន។
២. វិស័យកសិកម្ម៖ បន្តលើកកម្ពស់ការអភិវឌ្ឍកសិកម្មទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងខ្សែច្រវាក់ទីផ្សារ ដើម្បីបង្កើនតម្លៃ បន្ថែម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។
៣. វិស័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹង៖ ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និងការងារអនាម័យបរិស្ថាន ព្រមទាំងជំរុញការចូលរួមពីប្រជាពលរដ្ឋ និងវិស័យឯកជន ដើម្បីរក្សាបាននូវបរិស្ថានស្អាត ទីក្រុងមានសណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
៤. វិស័យធនធានទឹក និងឧតុនិយម៖ ពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងត្រៀមវិធានការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ដើម្បីធានាសន្តិសុខទឹកសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានលើកទឹក ចិត្តឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញ បន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា និងខិតខំអនុវត្តការងារប្រកបដោយប្រសិទ្ធ ភាពខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

តមកគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ ក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក (Khee Chenda Development Co., Ltd) ដែលមានទីតាំងស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ដំណើរទស្សនកិច្ចនេះ ក៏មានការចូលរួមពី ឯកឧត្តម ណៅ ធួក សមាជិកគណៈកម្មការទី៦ នៃរដ្ឋសភា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម តាំង សុខឃី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឃី ចិន្តា ឌីវេឡប់ម៉ិន ឯ.ក បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុន ដែលបានអភិវឌ្ឍកសិដ្ឋានកសិកម្មចម្រុះលើផ្ទៃដីសរុប ៦៨ ហិកតា ដោយអនុវត្តតាមគោលការណ៍កសិកម្មទំនើប ឆ្លាតវៃ និងប្រកបដោយនិរន្តរភាព។

បច្ចុប្បន្ន ក្រុមហ៊ុនបានដាំដុះដំណាំហូបផ្លែ និងបន្លែសុវត្ថិភាពជាច្រើនប្រភេទ រួមមាន៖
– ដំណាំហូបផ្លែ៖ ចេក ស្វាយ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ក្រូចឆ្មា ដូង ល្ហុង មៀន ពោត ល្ពៅ និងដំឡូង។
– បន្លែសុវត្ថិភាព៖ ត្រឡាច ននោង ពពាយ ត្រកួន ម្រះ សណ្ដែកគួ ឃ្លោក ស្ពៃគ្រប់មុខ ស្លឹកខ្ទឹម ជី និងម្ទេស។