គណៈកម្មការទី៣ព្រឹទ្ធសភាលើកទឹកចិត្តអាជ្ញាធរខេត្តកំពតឱ្យបន្តលើកកម្ពស់សេដ្ឋកិច្ចនិងអភិវឌ្ឍខេត្ត
នៅក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងអាជ្ញាធរខេត្តកំពត ដែលបានប្រព្រឹត្តទៅនៅខេត្តកំពត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ រួមនឹងមន្ត្រីជំនាញខេត្តកំពត ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេស ការងារពាក់ព័ន្ធនឹងផែនការវិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម ដែលជាវិស័យស្នូលស្ថិតក្រោមបន្ទុករបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា។
ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តរួមសហការយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍។ ឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តកំពតជាខេត្តដែលមានសក្តានុពលសំខាន់ៗជាច្រើន ទាំងវិស័យកសិកម្ម ឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ដែលអាចជំរុញការវិនិយោគ និងការអភិវឌ្ឍន៍ក្នុងតំបន់ឱ្យកាន់តែរីកចម្រើន និងបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។
ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដែលបានចុះមកពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អាជ្ញាធរខេត្ត រួមជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នឹងបន្តសាមគ្គីភាព សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងជំរុញការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
បន្ថែមពីនេះ អាជ្ញាធរខេត្តកំពតក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការប្រើប្រាស់សក្តានុពលធម្មជាតិ និងធនធានក្នុងតំបន់ឱ្យក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ច និងការរីកចម្រើនប្រកបដោយចីរភាពរបស់ខេត្ត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



