ខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសី ត្រូវបានដាក់ឱ្យដំណើរការសាកល្បងដោយប្រើ ប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឈានមុខគេលំដាប់អន្តរជាតិ

ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដាក់ឱ្យដំណើរ ការសាកល្បង នៃខ្សែចង្វាក់ផលិតកម្មជ្រលក់ថ្នាំពណ៌ស័ង្កសីរបស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA) មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ។

លោក ស៊ុន លាំង (SUN LIANG) អគ្គនាយកក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា(HUALE STEEL CAMBODIA) បានអោយដឹងថា ក្រុមហ៊ុនបានជួប ប្រទះភាពលំបាក និងបញ្ហាប្រឈមជាច្រើន ចាប់ពីការជ្រើស រើសទីតាំង និងការវិភាគអង្កេតរហូតដល់ការការបញ្ចប់ការ សាងសង់ ការជ្រើសរើសបុគ្គលិករហូតដល់ការបណ្តុះបណ្តាល និងការសម្របសម្រួលរាល់ជំហានបង្ហាញពីការយកចិត្តទុកដាក់ និងការខិតខំរបស់យើង។ ខ្សែសង្វាក់ផលិតកម្មស្រោបពណ៌ស័ង្កសីនេះ ប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឈានមុខគេលំដាប់អន្តរជាតិ ដំណើរការផលិតដោយស្វ័យប្រវត្តិយ៉ាងពេញលេញ និងមានសិប្បកម្មដែលមានភាពជាក់លាក់ខ្ពស់។ នៅពេលអនាគត វានឹងបន្តផលិត ដែកដែលមានគុណភាពខ្ពស់ ជាមួយនឹងពណ៌ចម្រុះជាច្រើន មិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយកផលិតផលដែលផលិតនៅប្រទេសកម្ពុជាយើងនេះនាំចេញទៅកាន់តំបន់អាស៊ាន អូស្ត្រាលី អឺរ៉ុប សហរដ្ឋអាមេរិក រួមចំណែកដល់គម្រោងសាងសង់ជាច្រើនទៀត ការបើកសម្ពោធខ្សែរសង្វាក់ផលិតកម្មនេះ ផ្តល់ឱកាសការងារ ២០០កន្លែងបន្ថែមសំរាប់ប្រជាជនកម្ពុជា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា នេះគឺជាសក្ខីភាពថ្មីមួយទៀតបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ សូមជូនពរឱ្យក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា (HUALE STEEL CAMBODIA)ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើន ឡើងពីអតិថិជន ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅ ប្រទេសកំពុងរួមសាមគ្គីគ្នាជាធ្លុង មួយក្នុងស្មារតីជាតិនិយម ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើងឱ្យបាននៅគង់ វង្សស្ថិតស្ថេរជាអមតៈដោយមិនអនុញ្ញាតឱ្យជាតិសាសន៍ណាមួយមករំលោភបំពានបានឡើយ។

ក្នុងឱកាសនេះឯកឧត្តម អភិបាល ខេត្ត បានបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន ហូលិ ស្ទៀល ខេមបូឌា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ ទាញ និងរីកចម្រើនទៅមុខជា លំដាប់ ព្រមទាំងបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូល រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិត ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម វិស័យភស្តុភារកម្ម វិស័យទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ។ ក្រោមការដឹក នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងការ សម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ ហើយគោល ដៅរបស់យើងខ្ញុំគឺ «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»៕