ខ្យល់កន្ត្រាក់កើតឡើងជាង ១៦០ លើក បង្កឱ្យមនុស្សស្លាប់ និងរបួសជិត៣០នាក់ ត្រឹមរយៈពេល៥ខែ ឆ្នាំនេះ

ភ្នំពេញ ៖ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ៖ រយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ ខ្យល់កន្ត្រាក់បានកើតឡើង ១៦១ លើក បណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៦១ ខ្នង របើកដំបូល និងខូចខាតមធ្យមផ្ទះចំនួន ៥ ២២៥ ខ្នង សាលារៀន ៣៥ កន្លែង រលំតូបផ្សារ ១៩ តូប អគាររដ្ឋបាល ១៥ កន្លែង ស្លាប់មនុស្ស ៥ នាក់ និងរបួស ២៣ នាក់។ ចំណោមអ្នកស្លាប់ ៥ នាក់ ក្នុងនោះមាន ១ នាក់ នៅខេត្តកំពង់ស្ពឺ ព្រៃវែង ១ នាក់ បាត់ដំបង ១ នាក់ សៀមរាប ១ នាក់ និងខេត្តកំពត ១ នាក់។
លោកបន្តទៀតថា តួលេខនេះ បើធៀបទៅនឹងរយៈពេល ៥ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ ៥ ខែ ឆ្នាំ ២០២៤ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៣៨ លើក បណ្តាលឱ្យផ្ទះរលំខូចខាតធ្ងន់ធ្ងរ ២៩០ ខ្នង របើកដំបូល និងខូចខាតមធ្យម ២ ២៥៥ ខ្នង របើកដំបូលសាលារៀន ២៧ ខ្នង របើកតូបផ្សារ ៦ តូប អគាររដ្ឋបាល ៨ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ១៧ នាក់៕