ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ម្ចាស់ជីសរីរាង្គ “ពន្លឺកសិករ” ចុះអនុស្សរណ:យោគយល់ជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា

រាជធានីភ្នំពេញ : ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅស្នាក់ការកណ្ដាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA)មានរៀបពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) និងសហគ្រាស ប៊ុត សុធី បាត់ដំបង (BSB) ស្តីពីតម្រូវការ និងការផ្គត់ផ្គង់ជីសរីរាង្គ “ពន្លឺកសិករ” ដែលមានអាស័យដ្ឋាននៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល CACA និងចុះហត្ថលេខាដោយលោក ប៊ុត សុធី ម្ចាស់សិប្បកម្មផលិតជីសរីរាង្គម៉ាក “ពន្លឺកសិករ” និងលោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) និងមានភ្ញៀវកិត្តិយសចូលរួមផងដែរ។ 

លោក ប៊ុត សុធី បានមានប្រសាសន៍ថា សិប្បកម្មរបស់លោកក៏កើតដោយស្នាដៃកូនខ្មែរយ៉ាងពិតប្រាកដដោយគ្មានអ្នកបរទេស ហើយសិប្បកម្មមួយនេះកើតឡើងដោយការតស៊ូដួលក្រោក ដួលក្រោក រហូតដល់សិប្បកម្មមួយនេះ បានងើបឈរដើរបានដោយខ្លួនឯងហើយបាន និងកំពុងទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋរបស់យើងពិសេសប្រជាកសិករ ម្ចាស់ចំការនានាយកទៅប្រើប្រាស់ដោយចំណាយតិចទទួលបានទិន្នផលខ្ពស់។ 

លោក ប៊ុត សុធី បានបន្ថែមថា ជីសរីរាង្គ “ពន្លឺកសិករ” នេះគឺធ្វើឡើងដោយប្រើប្រាស់ឲ្យអស់លទ្ធភាពកែច្នៃពីរុក្ខជាតិ ធម្មជាតិនានា ដោយបានកាត់បន្ថយ បានជាអតិបរមាការប្រើប្រាស់សារធាតុគីមី គឺធ្វើយ៉ាងណាឱ្យជីនេះមានតម្លៃទាប មិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ កែច្នៃគុណភាពដី អាចលើកកម្ពស់បាននូវជីវភាពរបស់អ្នកប្រើប្រាស់ជី។ 

ឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ដោយថ្លែងនូវការកោតសរសើរ នៅការតស៊ូ អត់ធ្មត់ ប្រែក្លាយពីគំនិតច្នៃប្រឌិត ទៅជាបច្ចេកទេសផលិតបានជីដោយដៃកូនខ្មែរផ្ទាល់ ចូលរួមចំណែកលើកកម្ពស់ទិន្នផលកសិកម្ម ដូចនេះ យើងត្រូវតែរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ខ្មែរក៏ដូចជាជីវភាពរបស់បងប្អូនរខ្មែរយើង។