ខេមបូណូមីស សហការជាមួយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប រៀបចំវេទិកា​ពិភាក្សាដ៏​ធំប្រចាំ​ឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគឆ្នាំ២០២៥»

អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា សហការជាមួយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានរៀបចំវេទិកាពិភាក្សា​ដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិ​ពាណិជ្ជកម្ម និង ការវិនិយោគ ២០២៥» នៅរាជធានីភ្នំពេញ ដោយវេទិកានេះប្រមូលផ្ដុំ​ទៅដោយ​មេដឹកនាំធុរកិច្ចធំៗ  និងអ្នកជំនាញ​សេដ្ឋកិច្ចល្បីៗ រួមទាំងថ្នាក់ដឹកនាំអាជីវកម្ម និងសហគ្រិនជាច្រើនរូប។ 

តាមលោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស បានអោយដឹងថា វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងជំរុញឱ្យ​មានកិច្ចសន្ទនា​ជាយុទ្ធសាស្ត្រអភិវឌ្ឍ ការបង្កើតឱកាសសំខាន់ៗ និង កិច្ចសហប្រតិបត្តិការ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជា ផ្ដល់ជាធាតុចូល សម្រាប់ការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចជាតិ​សំខាន់ៗ​។ លោក ស៊ឺន សាយ ​ក៏បាន​ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបាន​សហការ​គាំទ្រ យ៉ាងពេញទំហឹង សម្រាប់​គំនិតផ្ដួចផ្ដើម​រៀបចំ​វេទិកាពិភាក្សានេះ ដែលបានបង្ហាញពីការយក​ចិត្តទុកដាក់​ខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន បន្ដជំរុញ លើកកម្ពស់​បរិយាកាសធុរកិច្ចកម្ពុជា​កាន់តែប្រសើរ និងមាន​ភាពប្រកួត​​ប្រជែងខ្ពស់។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានបញ្ជាក់ថា ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រចម្រុះ រួមមានផ្នែកដឹកជញ្ជូន អចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ ជាដើម។នៅក្នុងការប្តេជ្ញាចិត្តជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត, ក្រុមហ៊ុនបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធតាមបណ្តាប្រទេសនានានិងក្នុងតំបន់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពលើគ្រប់ឧស្សាហកម្ម។ដោយឡែកការចូលរួមនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញ​ការសន្ទនា បង្កើនកិច្ច​សហប្រតិបត្តិការ និងការបើកឱកាស​ ដែលនឹងជំរុញដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា​​នាពេលខាងមុខ។អ្នកឧកញ៉ាសៀ ឬទ្ធី បានបន្ថែមថា វេទិកានេះ ក៏បានដើរតួនាទីសំខាន់​ក្នុងការប្រមូល​ផ្ដុំ​​អ្នកជំនាញ​ពីវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមពិភាក្សាផ្ដល់នូវទស្សនទានល្អ ​សម្រាប់ការ​ដោះ​ស្រាយ​បញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលពិភពលោក រួមទាំងកម្ពុជាកំពុងជួបប្រទះផងដែរ។  

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានអញ្ជើញចូលរួមជាវាគ្មិន និងសម្របសម្រួលនៅក្នុងវេទិកានេះ បានលើកឡើង​ថា កិច្ចពិភាក្សា​ពេញមួយថ្ងៃនេះគ្របដណ្ដប់លើប្រធានបទសំខាន់ៗចំនួន៦ដែលមានទំនាក់ទំនង​គ្នា​​យ៉ាងស៊ីជម្រៅ ហើយប្រធានបទទាំងនេះ ក៏ជាសរសរស្ដម្ភ ដែលអាច​នឹងបង្កើត​​បានជាក្របខណ្ឌមួយសម្រាប់ភាពធន់នៃសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានបន្ថែមថា ការអនុវត្តគំនិតផ្តួចផ្តើម​ទាំងនេះ ពិតជា​តម្រូវឱ្យ​មានកិច្ចខិតខំប្រឹងប្រែង​​​សម្របសម្រួល មិនត្រឹមតែពីវិស័យឯកជន​ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្រូវការ​ការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អ្នកផ្តល់​ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ថា វេទិកាកិច្ចពិភាក្សា ស្ដីអំពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគឆ្នាំ២០២៥» ត្រូវបានរៀបចំឡើង​រយៈពេលពេញមួយថ្ងៃ ដោយមានការធ្វើបទបង្ហាញពីវាគ្មិនពាក់ព័ន្ធសំខាន់ៗនិងពិភាក្សា​យ៉ាងផុសផុល​លើប្រធានបទចំនួន ០៦ រួមមាន៖ 

១, ការបោះជំហានប្រកបដោយភាពធន់រឹងមាំនៃវិស័យកសិកម្មនៅអាស៊ាន

២, បរិបទនៃការវិនិយោគ និងការរក្សាទ្រព្យសម្បត្តិ នៅចំពេលដែលស្ថាន​ភាព​សេដ្ឋកិច្ចសកល​មិនទាន់មាន​ភាពប្រាកដប្រជា

៣, ពន្ធគយរបស់អាមេរិក និងកំណែទម្រង់ពាណិជ្ជកម្មសកលបន្ទាប់ពីការរងនូវសម្ពាធពន្ធគយ (Trump Tariff)

៤, ការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់កំណើនអនាគតនៃវិស័យភស្ដុភារកម្ម

៥, រូបិយបណ្ណឌីជីថល និងអនាគតនៃហិរញ្ញវត្ថុសកល

និង៦, ការចាប់ក្រសោបយកឱកាស និងការពង្រឹងនវានុវត្តន៍ ដើម្បីភាពប្រកួតប្រជែងក្នុងវិស័យទេសចរណ៍។