ខេត្តសៀមរាប មិនបានរៀបចំ ព្រះរាជពិធីបុណ្យអុំទូក ប៉ុន្តែបង្កើតកម្មវិធីផ្សេងៗជាច្រើន ឲ្យភ្ញៀវទេសចរណ៍ ចូលរួមកំសាន្ត និងបង្ហាញពីផលិតផលខ្មែរជាច្រើនមុខ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសរចក្តីប្រកាស រួចមកហើយថា ក្នុងឆ្នាំ២០២៥នេះ មិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក-សំពះព្រះខែទេ ប៉ុន្តែអាជ្ញាធរខេត្ត បានបង្កើតកម្មវិធី កំសាន្តផ្សេងៗ ជាច្រើមកជំនួសវិញ មានដូចជា ៖ ជិះទូកកម្សាន្តលើស្ទឹងសៀមរាប, ផ្សារទឹក , កម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ, កម្មវិធីប្រគំតន្ត្រីស្គរដៃ, កម្មវិធីស្តង់ពិព័រណ៍, កម្មវិធីប្រដាល់គុនខ្មែរ, ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធាន ស.ស.យ.ក.ខេត្ត បានឲ្យដឹង ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគ្រោងរៀបចំកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នៅតាមដងស្ទឹងសៀមរាប នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ កម្មវិធីកម្សាន្តសប្បាយនេះ ជំនួសឱ្យ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក-សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ-ព្រហស្បតិ៍ ១៤កើត-១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

ការរៀបចំកម្មវិធីនេះឡើង គោលបំណងជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្តារ និងលើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាប និងការបង្ហាញនូវផលិតផលខ្មែរ ជាច្រើនប្រភេទ ក៏ដូចច្រើនមុខ ដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ អនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ» រួមទាំងបង្កើតឱ្យមាននូវផ្ទាំងទស្សនីយភាពប្លែកៗ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តសៀមរាប ចូលរួមសប្បាយរីករាយ និងកាន់តែច្រើនកុះករបន្ថែមទៀត។

នៅរសៀលថ្ងៃដដែលនេះ ឯកត្តម ប្រាក់ សោភ័ណ និងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ ដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលស្មោះត្រង់ ស្រលាញ់ការងារ ជាពិសេសគោរពរាល់បទបញ្ជា យកចិត្តទុកដាក់សម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ គ្រប់កម្មវិធី មិនថាថ្ងៃ យប់ , ក្តៅ រឺ ក្រោមតំណក់ទឹកភ្លៀង ជាពិសេសថ្ងៃដែលគេឈប់សម្រាក គឺជាថ្ងៃដែលត្រូវប្រចាំការ, និងជាប្រចាំ ខិតខំការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន៕