ខេត្តសៀមរាប ក៏បានប្រកាស មិនប្រារព្ធពិធីបុណ្យអុំទូកនោះទេ នៅឆ្នាំ២០២៥នេះ

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្ត​សៀមរាប​បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥ ក្រោមកិច្ចដឹកនាំរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត។

លោក ប្រាក់ សោភ័ណ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ ថា រដ្ឋបាលខេត្តមិនបានរៀបចំព្រះរាជពិធីបុណ្យអុំទូកទេឆ្នាំនេះ តែអាជ្ញាធរខេត្តនឹងរៀបចំផ្សារទឹក ព្រមទាំងរៀបចំធ្វើផ្សារចុងសប្តាហ៍ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

សូមបញ្ជាក់ថា ៖ បើតាមសារាចររបស់រាជរដ្ឋាភិបាល ដែលទើបទទួលបាននៅព្រឹកថ្ងៃទី០៣ ខែកញ្ញា នេះបានបញ្ជាក់ថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសាតែបច្ចុប្បន្ន កម្ពុជាបាននឹងកំពុងអនុវត្តបទឈប់បាញ់ ស្របតាមស្មារតីកិច្ចប្រជុំពិសេស ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា។

រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនជនភាសិក និងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេច ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅតាមដងទន្លេ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ដោយឡែកការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្ដាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ ប្រពៃណី និងតាមលទ្ធភាពជាក់ស្ដែងរបស់អាជ្ញាធរ។

ចំណែកការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ថ្ងៃ ក្នុងព្រះរាជពិធីនេះ គឺនៅរក្សាដដែល៕