ខេត្តព្រះសីហនុ រៀបចំការប្រកួតកីឡាបាល់ ទាត់ មិត្តភាពសប្បុរសធម៌ ដើម្បីជួយដល់វិស័យសុខាភិបាលក្នុងខេត្ត

រសៀលថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០២៥ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតកីឡា បាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុម បាល់ទាត់និស្សិតអាហារូបករណ៍សម្តេចតេជោ (អ.ម.ត) និងក្រុមបាល់ទាត់តារាកម្ពុជា នៅទីលានសាលាឡាយ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ ដើម្បីជួយដល់វិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ។
លោក ឯម ភាព អភិបាលរងខេត្ត បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាករ ទាំងពីរក្រុមដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ជាពិសេសបានបញ្ចេញនូវសមត្ថភាពជូនក្រុមរៀងៗខ្លួន ព្រោះការលេងកីឡាវារមែងតែមានចាញ់ និងឈ្នះ ហើយ ការចាញ់ ក៏ជាការដកស្រង់បទពិសោធន៍បន្ថែម ទៀត ដើម្បីឈានទៅទទួលជ័យជំនះបាន នាពេលខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលជាវិស័យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា និងសកលលោក កីឡាទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយ។ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណង សាមគ្គីភាព និងមិត្តភាពរវាងប្រតិភូក្រុមកីឡា នៃប្រទេសដែលបានចូលរួម ជាក់ស្តែងជោគជ័យយ៉ាងត្រចះត្រចង់ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ បានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ» និងបង្ហាញពីកិត្យានុភាពជាតិទៅកាន់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ។
លោក អភិបាលរងខេត្តព្រះសីហនុ បានបន្តថា រដ្ឋបាលខេត្ត បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំយុវជន និងកីឡា អភិវឌ្ឍវិស័យអប់រំកាយ និងកីឡាទាំងក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្តឱ្យកាន់តែមានថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយក ជ័យជម្នះក្នុងការប្រកួតនានា។ ទន្ទឹមនេះ រដ្ឋបាលខេត្តបានលើកទឹកចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជន ឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងការហាត់ប្រាណ ពង្រឹងកាយសម្បទា និងទប់ស្កាត់នូវការឈឺថ្កាត់ ជាពិសេសជំងឺទាក់ទងទៅនឹងបេះដូង និងការដាច់សរសៃខួរក្បាល ឬក៏ប្រភេទជំងឺផ្សេងៗទៀតផងដែរ។ សូមបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ ការពង្រឹងសាមគ្គីភាព មិត្តភាពនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។